បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានខិតចូលទៅកាន់តែជិតគ្នាឡើង ក្នុងការសម្រេចកិច្ចព្រមព្រៀងមួយ ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែ ដែលនឹងបង្កក្បាលគ្រាប់នុយក្លេអ៊ែ របស់ប្រទេសទាំងពីរ។
ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេច ជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតការប្តេជ្ញានយោបាយមួយ ដើម្បីបង្កកចំនួនក្បាលគ្រាប់ នុយក្លេអ៊ែដែលភាគីមាន រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ និងបន្តសន្ធិសញ្ញាកាត់បន្ថយ អាវុធយុទ្ធសាស្ត្រថ្មី សម្រាប់រយៈពេលមួយឆ្នាំ។
ចំណែកមន្ត្រីនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Morgan Ortagus បាននិយាយដូច្នេះថា “យើងសាទរចំពោះឆន្ទៈរបស់សហព័ន្ធរុស្ស៊ី ដែលបង្កើតការវិវត្តទៅមុខ លើបញ្ហាគ្រប់គ្រងអាវុធនុយក្លេអ៊ែ។
សហរដ្ឋអាមេរិក បានត្រៀមខ្លួនជួបគ្នាភ្លាមៗ ដើម្បីធ្វើការសម្រេចចុងក្រោយ នូវកិច្ចព្រមព្រៀងដែលអាចបញ្ជាក់បាន ហើយយើងរំពឹងទុកថា រុស្ស៊ីនឹងផ្តល់អំណាច ឲ្យដល់មន្ត្រីការទូតរបស់ខ្លួន ដើម្បីធ្វើដូចគ្នានេះដែរ”៕ ប្រែសម្រួល៖ប៉ាង កុង