ព័ត៌មានជាតិ

លោក ជា ចាន់តូ ៖ ប្រព័ន្ធធនាគារ និងហរិញ្ញវត្ថុជឿនលឿន ព្រោះត្រូវបានកែលម្អ ជាបន្ដបន្ទាប់

ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជាបានថ្លែងថា ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុមានការ រីកចម្រើនជឿនលឿន យ៉ាងឆាប់រហ័ស ការពង្រឹងប្រសិទ្ធ ភាពត្រួតពិនិត្យរបស់ធនាគារជាតិក៏ត្រូវបានកែលម្អជាបន្តបន្ទាប់។យោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្រ្តី-បុគ្គលិក អគ្គនាយកដ្ឋានត្រួតពិនិត្យដែលត្រូវទទួលបានការផ្ទេរបញ្ចូល និងតែងតាំងថ្មី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ជា ចាន់តូ បានឲ្យដឹងថា «នៅពេលដែលប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុមានការរីកចម្រើនជឿនលឿនយ៉ាង ឆាប់រហ័ស ការពង្រឹងប្រសិទ្ធភាពត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ក៏ត្រូវបានកែលម្អ ជាបន្តបន្ទាប់»។

លោកបន្ដថា ដូច្នេះធនាគារជាតិនៃកម្ពុជា ត្រូវធ្វើកំណែទម្រង់អគ្គនាយកដ្ឋានត្រួតពិនិត្យ ដើម្បីធានាបាន នូវសុខភាព និងនិរន្តរភាពគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ធនធានមនុស្សក៏ត្រូវធ្វើការបែងចែកតាមចំណេះដឹង ជំនាញ និងតាមតម្រូវការជាក់ស្តែង។

ជាងនេះទៅទៀត ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួន ដល់មន្រ្តី-បុគ្គលិក របស់ធនាគារជាតិ នៃកម្ពុជាទាំងអស់ រួមមាន៖ ត្រូវគោរពឲ្យបាន ខ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យការងារ ,ត្រូវមានភាពអំណត់ និងស្មោះត្រង់ និង រក្សាការ សម្ងាត់វិជ្ជាជីវៈ ,ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីសម្រេចបានគោលដៅការងាររួមរបស់ ស្ថាប័ន ,ត្រូវខិតខំបំពេញការងារឲ្យបានហ្មត់ចត់ និងអស់ពីកំលាំងកាយចិត្ត ប្រកបដោយស្មារតីទទួល ខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ , ត្រូវបន្តដុសខាត់សមត្ថភាពខ្លួនឯងជាប្រចាំ ៕

ដោយ ៖ អេង ប៊ូឆេង

To Top