ព័ត៌មានជាតិ

វិនិយោគិន កម្ពុជា-ចិន នឹងចុះហត្ថលេខា លើទំហំទឹកប្រាក់វិនិយោគ ១៣០០លានដុល្លារ នៅថ្ងៃស្អែក

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ នឹងមានការរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង វិនិយោគរវាង វិនិយោគិនមកពីខេត្តហ៊ូណាន ប្រទេសចិន និងវិនិយោគិនកម្ពុជា ក្នុងទំហំទឹក ប្រាក់វិនិយោគប្រមាណ ១៣០០លានដុល្លារ ។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការ បរទេសខ្មែរ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក ទូ ជិនហោ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការនៃ គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តចិន ខេត្តហ៊ូណាន នៅរសៀលថ្ងៃទី១៨ វិច្ឆិកានេះ លោក កុយ គួង បានមានប្រសាសន៍ថា លោក ទូ ជិនហោ បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានទទួលស្វាគមន៍ ដោយភាពកក់ក្ដៅ ក្នុងដំណើរទស្សនកិច្ច របស់លោក មកកាន់កម្ពុជានាពេលនេះ ។

លោក ទូ ជិនហោ បញ្ជាក់ថា លោកមកកម្ពុជាពេលនេះ គឺនាំគណៈប្រតិភូជាច្រើន ក្នុងនោះមានក្រុមហ៊ុនធំៗ បានមកសិក្សា និងពិនិត្យពីសក្ដានុពលផ្នែកសេដ្ឋកិច្ច ដោយផ្ដោតសំខាន់វិស័យឧស្សាហកម្ម កសិកម្ម គ្រឿងយន្តឧស្សាហកម្ម និងកសិកម្ម ព្រមទាំងវិស័យផ្សេងៗជាច្រើនទៀត ។

អ្នកនាំពាក្យគូសបញ្ជាក់ថា «នៅវេលាថ្ងៃស្អែកនេះ នឹងមានការចុះហត្ថលេខា រវាងធុរកិច្ចមកពីខេត្តហ៊ូណាន មានន័យថាវិនិយោគិនមកពីខេត្តហ៊ូណាន ជាមួយវិនិយោគិនខ្មែរយើង ដែលមានទឹកប្រាក់ប្រមាណជា ១៣០០លានដុល្លារ» ។

លោក កុយ គួង បន្ថែមថា ខេត្តហ៊ូណានជាខេត្តភាគកណ្ដាល ប្រទេសចិន ដែលមានប្រជាជនប្រមាណ ៧៣លាននាក់ និងផលទុនសរុបក្នុងខេត្តនេះមានប្រមាណ ៥៥០០០លានដុល្លារ ។ វិនិយោគិនខេត្តហ៊ូណាន បានមើលឃើញពីសក្ដានុពល នៅប្រទេសកម្ពុជាច្រើនណាស់ ហើយអ្វីដែលវិនិយោគិនទុកចិត្តខ្លាំងនោះ គឺកម្ពុជាមានស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ។

ទន្ទឹមគ្នានោះលោក ទូ ជិនហោ ក៏បានអញ្ជើញលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅទស្សនកិច្ចផ្លូវការ នៅខេត្តហ៊ូណាន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ នូវការអភិវឌ្ឍន៍ នៅក្នុងខេត្តនេះ ក៏ដូចជាប្រទេសចិន ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានទទួលនូវការអញ្ជើញនេះ ហើយនឹងរកពេលវេលាសមស្របណាមួយ ដើម្បីទៅបំពេញទស្សនកិច្ច នៅទីនោះ ។

លោកថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឆ្នាំ២០១៧ មានទំហំទឹកប្រាក់ចំនួន ៥៥៧៧លានដុល្លារ ហើយក្នុងឆ្នាំ២០១៨ មានការកើនឡើងរហូតដល់ ៦៦០០លានដុល្លារ ។ ចំពោះទំហំទឹកប្រាក់វិនិយោគនៅកម្ពុជា ក្នុងឆ្នាំ២០១៧ មានចំនួន ១៦០០លានដុល្លារ ហើយឆ្នាំ២០១៨ មានការកើនឡើងទ្វេដងរហូតដល់ ៣៥៩៤លានដុល្លារ ៕

ដោយ៖ ខា ដា

To Top