ព័ត៌មានអន្តរជាតិ

ប្រេសិតស្តីទី ប្រចាំនៅលីប៊ី របស់យូអិនមានសុទិដ្ឋិនិយម ចំពោះកិច្ចពិភាក្សា បទឈប់បាញ់គ្នា

បរទេស ៖ ប្រេសិតស្តីទី ប្រចាំនៅប្រទេសលីប៊ី របស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃពុធនេះថា លោកស្រីមានសុទិដ្ឋិនិយមថា កិច្ចពិភាក្សាគ្នាកំពុងតែប្រព្រឹត្តទៅរវាងភាគីសង្គ្រាម នឹងនាំទៅរកបទឈប់បាញ់គ្នាយូរអង្វែងមួយ ក្រោយភាគីសង្គ្រាម ក្នុងប្រទេសនោះ បានព្រមព្រៀងគ្នាបើកជាថ្មី នូវផ្លូវគោកនិងផ្លូវអាកាស នៅទូទាំងសមរភូមិជួរមុខ។

ថ្លែងនៅពាក់កណ្ដាលកិច្ចពិភាក្សាគ្នា មានរយៈពេលមួយសប្ដាហ៍នោះ លោកស្រី Stephanie Williams បានមាន ប្រសាសន៍ថា ភាគីនានាក៏បានព្រមព្រៀងគ្នា រក្សាភាពស្ងប់ស្ងាត់នៅសមរភូមិជួរមុខ នាបច្ចុប្បន្ននេះ និងជៀសវាងការបង្កើនកម្តៅ យោធាណាមួយផងដែរ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោកស្រីបាននិយាយ ប្រាប់សន្និសីទកាសែតមួយ នៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវដូច្នេះថា “នោះជាមូលហេតុ ដែលខ្ញុំបន្តមានសុទិដ្ឋិនិយមជាខ្លាំងថា ភាគីនានានៅទីនេះ នឹងសម្រេចបានបទឈប់បាញ់គ្នា មានរយៈពេលកាន់តែយូរនិងជាអចិន្ត្រៃយ៍”៕
ប្រែសម្រួល៖ប៉ាង កុង

To Top