ព័ត៌មានជាតិ

អង្គការពាណិជ្ជកម្ម ក្រៅស្រុកជប៉ុន អះអាងថា កម្ពុជាជាប្រទេសអាទិភាព សម្រាប់អ្នកវិនិយោគជប៉ុន

ភ្នំពេញ ៖ លោក Masahiro Miyao ប្រធានតំណាងអង្គការ ពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) បានថ្លែងថាក្រុមហ៊ុនជប៉ុនមួយចំនួន មានបំណងផ្លាស់ប្ដូរ ទីតាំងវិនិយោគរបស់ខ្លួនពីប្រទេសចិន មកបណ្ដាប្រទេសអាស៊ានក្នុងនោះកម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសអាទិភាព សម្រាប់វិនិយោគិនជប៉ុន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ លោក Masashiro Miyao បានឲ្យដឹងថា « ក្រុមហ៊ុនជប៉ុនមួយចំនួនមានបំណង ផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិន មកបណ្ដាប្រទេសអាស៊ាន ដែលកម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសអាទិភាព សម្រាប់វិនិយោគិនជប៉ុន»។

ជាមួយគ្នានេះ លោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ប្រចាំកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនជប៉ុនមួយចំនួន កំពុងតែមានការចាប់អារម្មណ៍ខ្ពស់ លើវិស័យកសិកម្ម នៅកម្ពុជា ជាពិសេស លើប្រភេទកសិផលសរីរាង្គ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅជប៉ុន និងគោលដៅដទៃទៀត ដែលផលិតផលសរីរាង្គ មានតម្រូវការខ្ពស់។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្ដិ បានស្វាគមន៍ និងជំរុញឲ្យវិនិយោគិនជប៉ុន មកបើកអាជីវកម្ម ឬរោងចក្រកែច្នៃផ្សេងៗនៅកម្ពុជា និងលើកទឹកចិត្តឲ្យមានការនាំចេញកសិផល ក៏ដូចជាផលិតផលកែច្នៃរបស់កម្ពុជា បន្ថែមទៅប្រទេសជប៉ុន និងគោលដៅសក្ដានុពលដទៃទៀត ជាពិសេសគឺត្រូវទាញយកផលប្រយោជន៍ ឱ្យបានពេញលេញពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាគូភាគី។

លោកក៏បានស្វាគមន៍ ចំពោះក្រុមហ៊ុនជប៉ុន ក្នុងការធ្វើប្រតិបត្តិការតាម ប្រព័ន្ធអេឡិចត្រូនិក ហើយក្រសួងពាណិជ្ជកម្ម នឹងបន្ដសហប្រតិបត្តិការជាមួយអង្គការ JETRO ក្នុងការគាំទ្រអាជីវកម្ម ជប៉ុននៅកម្ពុជា។

ក្នុងកិច្ចជំនួបនេះដែរ រដ្ឋមន្ដ្រីពាណិជ្ជកម្ម បានជម្រាបដល់តំណាងអង្គការ JETRO នូវគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតូច (AIMS) របស់ក្រសួងពាណិជ្ជកម្ម ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច និងក្រីក្រនៃផលិតផល ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូវមី និងសូត្រឆៅ និងស្នើសុំឲ្យក្រុមហ៊ុន AEON របស់ជប៉ុន ពិនិត្យលទ្ធភាពដាក់លក់ផលិតផល របស់គម្រោង AIMS នៅទីផ្សាររបស់ខ្លួនផងដែរ៕

To Top