ព័ត៌មានអន្តរជាតិ

វៀតណាម ផ្តល់ថវិកា ៥០០ ពាន់លានដុង ដល់ខេត្តចំនួន ៥ ដែលរងគ្រោះដោយទឹកជំនន់ ខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត

បរទេស៖ រដ្ឋាភិបាលរបស់វៀតណាម សម្រេចផ្តល់ថវិកាចំនួន ៥០០ ពាន់លានដុង (២១,៥២ លានដុល្លារ) ដល់ខេត្តភាគកណ្តាលចំនួន ៥ ដែលរងគ្រោះដោយទឹកជំនន់ខ្លាំង ជាប្រវត្តិសាស្រ្ត សម្រាប់ការជួយសង្គ្រោះ និងគាំទ្រសុខុមាលភាពសង្គម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ខេត្តចំនួន ៥ នោះ រួមមានខេត្ត Ha Tinh, Quang Binh, Quang Tri, Thua Thien-Hue និងខេត្ត Quang Nam នឹងទទួលបានថវិកាចំនួន ១០០ ពាន់លានដុង ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការជួយសហគមន៍មូលដ្ឋាន ជំនះផលវិបាកនៃគ្រោះទឹកជំនន់ដ៏សាហាវនេះ ។ នេះបើតាមការលើកឡើងរបស់លោក Truong Hoa Binh ឧបនាយករដ្ឋមន្រ្តីវៀតណាម នៅឯកិច្ចប្រជុំមួយនៅខេត្ត ក្វាងទ្រីនៅព្រឹកថ្ងៃព្រហស្បតិ៍ ។

រដ្ឋាភិបាលក៏បានផ្តល់អង្ករចំនួន ១ ០០០ តោន នៅតាមខេត្តនីមួយៗ ហើយក្នុងនោះ ក៏មានថ្នាំពេទ្យ និងថ្នាំសំលាប់មេរោគ។

ឧត្តមសេនីយ៍ឯក Le Chie អនុរដ្ឋមន្រ្តីក្រសួងការពារជាតិបានមានប្រសាសន៍ថា ក្រសួងបានផ្តល់ស្បៀងស្ងួតចំនួន ២២ តោនដល់ខេត្តដែលលិចទឹក។ សម្រាប់ខេត្តក្វាងទ្រី កម្លាំងយោធាក៏បានផ្តល់កាណូតចំនួន ៧ គ្រឿង ម៉ាស៊ីនភ្លើង ៣៦ គ្រឿងនិងម៉ាស៊ីនបូមទឹកចំនួន ៣ គ្រឿង រួមជាមួយអាវពោងចំនួន ១០០០ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top