ភ្នំពេញ ៖ កុលាលភាជន៍ ចំនួន១៩ ថ្មដុសថ្នាំ ចំនួន២ អង្រែកិនថ្នាំ១ និងបំណែកលុលាលភាជន៍ ចំនួន៣០ ដែលបានពីការស្តារប្រឡាយ នៅបរិវេណថ្នាលបណ្តុះកូនឈើ ប្រាសាទព្រះខ័ន កាលពីដើមឆ្នាំ២០២០ ត្រូវបានអាជ្ញាធរជាតិអប្សរា យកមករក្សាទុកដើម្បីជួសជុល នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៣ តុលា បានឲ្យដឹងថា បើតាមការបញ្ជាក់របស់លោក ញ៉ែម រស្មី មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា លើកឡើងថា កុលាលភាជន៍ និងថ្មកិនថ្មាំ ដែលរកឃើញដ៏ច្រើននេះ គឺជីកបាននៅខែមីនា ឆ្នាំ២០២០ នៅពេលក្រុមការងារស្តារប្រឡាយ ចំនួន១៧០០ម៉ែត្រនៃបរិវេណប្រាសាទព្រះខ័ន។ វត្ថុបុរាណទាំងអស់នេះ ស្ថិតនៅរាយប៉ាយពីគ្នា ក្នុងជម្រៅ១ម៉ែត្រជាង។
ក្រោយប្រទះឃើញ ក្រុមការងារក៏បានរក្សា ទុកវត្ថុបុរាណទាំងអស់ រហូតដល់បញ្ចប់ការស្តារប្រឡាយ ទើបប្រគល់ជូនមជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរយកទៅអភិរក្ស ដោយមានការដឹងឭ ពីនគរបាលបេតិកភណ្ឌជាសាក្សី។
ចំពោះកិច្ចអភិរក្សវត្ថុបុរាណ ទាំងអស់នេះ អាជ្ញាធរជាតិអប្សរានឹងយកទៅរក្សាទុក ដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ដុសសម្អាត រួមទាំងជួសជុលឱ្យផុតពីហានិភ័យទុកជាសម្បត្តិជាតិ ពិសេសគឺសម្រាប់ សិក្សាស្រាវជ្រាវ ពីប្រវត្តិបន្ថែមទៀត៕