តូក្យូ៖ ប្រទេសជប៉ុន និងចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីក្រោយ Brexit នៅថ្ងៃសុក្រនេះ ដោយបើកផ្លូវសម្រាប់ការអនុវត្តនៅថ្ងៃទី០១ ខែមករាឆ្នាំក្រោយ ដើម្បីធានាបាននូវការបន្តពាណិជ្ជកម្ម និងការវិនិយោគលើសពីចុងបញ្ចប់ នៃរយៈពេលអន្តរកាលរបស់ទីក្រុងឡុងដ៍ ចេញពីសហភាពអឺរ៉ុប។
រដ្ឋមន្រ្តីការបរទេសជប៉ុន Toshimitsu Motegi និងលេខាធិការពាណិជ្ជកម្មអន្តរជាតិ អង់គ្លេសលោក Liz Truss បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅទីក្រុងតូក្យូ។ កតិកាសញ្ញានេះដែលចម្លងភាគច្រើន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងជប៉ុន និងអឺរ៉ុប នឹងចូលជាធរមានបន្ទាប់ពីនីតិវិធី ផ្តល់សច្ចាប័នក្នុងស្រុក។
ប្រទេសទាំងពីរបានចរចា លើកិច្ចព្រមព្រៀងនេះដោយសារកតិកាសញ្ញាជប៉ុន – អ៊ឺរ៉ុប នឹងមិនគ្របដណ្តប់ចក្រភពអង់គ្លេស បន្ទាប់ពីបញ្ចប់រយៈពេលអន្តរកាល Brexit នៅក្នុងខែធ្នូ៕
ដោយ ឈូក បូរ៉ា