ព័ត៌មានជាតិ

សប្បុរសជន បន្តផ្តល់គ្រឿងឧបភោគ បរិភោគជូន រដ្ឋបាលរាជធានី ជួយជនរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ខណៈជំនន់ទឹកភ្លៀង នៅមិនទាន់ត្រឡប់វិលរកសភាពដើម ដោយជនរងគ្រោះជាច្រើនកំពុងប្រឈម ត្រូវការជំនួយផងនោះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានអំណោយជាអង្គ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ រាប់ពាន់កេស ពីសប្បុរសជនចំនួន២ក្រុម សម្រាប់ប្រើប្រាស់ ជួយទៅដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀង ។

ក្នុងពិធីប្រគល់ និងទទួលអំណោយក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ក្នុងនោះ គឺក្រុមហ៊ុន អ៊ែតវ៉ូត អាហរ័ណ នីហរ័ណ ផ្តល់ជូនទឹកពិសាបរិសុទ្ធ ណាវី ចំនួន ៥០០០ពាន់កេស ។

លោកឧកញ៉ា តាំង គួង អគ្គនាយក ឆាយ វ៉ាន ផ្តល់ជូន អង្កចំនួន ១០តោន មី៥០០កេស ត្រីខ ៥០០យូ ទឹកត្រី៥០០យួ ទឹកស៊ីអ៊ីវ៥០០យួរ ។

ការចូលរួមផ្តល់អំណោយ មនុស្សធម៌ នាពេលនេះ ពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន ស្របពេលដែលប្រជាពលរដ្ឋ មួយចំនួនក្នុរាជធានីភ្នំពេញ កំពុងជួបនូវគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង ដែលត្រូវការជំនួយ ឧបត្ថម្ភ ពីសប្បុរសជននានា ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ បានផ្តាច់ពីមាត់ពីក យកអំណោយ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋ រងគ្រោះបានទាន់ពេលវេលា ក្នុងគ្រាដ៏លំបាកនេះ ។

លោកសន្យាថា រាល់អំណោយ របស់សប្បុរសជនទាំងអស់ នឹងនាំយកទៅចែកជូន ដល់ដៃប្រជាពលរដ្ឋ រងគ្រោះពិតប្រាកដ ហើយបើនៅសេសសល់ នឹងយកទៅជួយដល់ ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋាន ដោយមិនធ្វើឲ្យម្ចាស់អំណោយ ខកបំណងឡើយ៕

To Top