ព័ត៌មានជាតិ

ថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងរាជ សម្បត្តិព្រះមហាក្សត្រ និងអុំទូកទី១ មាន ភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ដទូទាំងប្រទេស

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរ ជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ដ នៅទូទាំងប្រទេស។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ថោង ខុន បានឲ្យដឹងថា “រយៈពេល២ថ្ងៃកន្លងមកនេះ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុងដែល រួមមាន ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន២០៧,០១២នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន២០៣,៦២៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន៣,៣៨៩នាក់”។

លោកបន្ដថា ជាការកត់សម្គាល់ ដោយពុំមានការប្រារព្ធពិធីអុំទូកផ្លូវការ នៅរាជធានីភ្នំពេញ ហើយតាមបណ្តាខេត្ត ក៏មិនមានការរៀបចំពិធីបុណ្យអុំទូកដូចរាល់ឆ្នាំ ដោយសារ បញ្ហាជំនន់ទឹកភ្លៀង ចំនួនភ្ញៀវទេសចរផ្ទែក្នុង មានការថយចុះធៀបឆ្នាំមុន។

លោកបន្ដថា បញ្ហាជំនន់ទឹកភ្លៀង ក៏បានធ្វើឲ្យការដើរកម្សាន្ត ទៅគោលដៅទេសចរណ៍ មួយចំនួន មានការ លំបាក ដូចនៅតំបន់ពាយព្យ (រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់) ទទួលបានភ្ញៀវត្រឹមប្រមាណ១៣,៣៧៤នាក់ ស្មើតែប្រមាណ៦.៤៦% នៃភ្ញៀវសរុប ខណៈដែលតំបន់ឆ្នេរសមុទ្រដែលធ្លាប់មានភ្ញៀវទៅកម្សាន្តច្រើន ក៏ទទួលភ្ញៀវបានត្រឹមតែប្រមាណ៥៣,១៦៧នាក់ ស្មើនឹងប្រមាណ ២៥.៦៣% នៃភ្ញៀវសរុប។

ប៉ុន្តែទោះយ៉ាងណា ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយម ដោយបានទាក់ទាញភ្ញៀវទេសចរបាន ប្រមាណ២៨.៤០% នៃភ្ញៀវសរុបដែលភាគច្រើន បានទៅទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានា ក្នុងខេត្តដូចជា តំបន់ប្រាសាទអង្គរវត្ត ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាជាដើម។

បើតាមលោក ថោង ខុន ពាក់ព័ន្ធការទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណែនាំមួយ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងគ្រប់គោលដៅទេសចរណ៍ទាំងអស់ ពង្រឹងការអនុវត្តតាមប្រសាសន៍ក្រើនរំលឹក របស់សម្តេចតេជោ ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដោយត្រូវសហការយ៉ាងជិតស្និតជាមួយ គណៈបញ្ជាការឯកភាពរាជធានីខេត្ត៕

To Top