ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងបង្កើនសម្ពាធ លើអាមេរិក មុនថ្ងៃផុតកំណត់ នៃកិច្ចចរចានុយក្លេអ៊ែរ

សេអ៊ូល៖ មន្រ្តីក្រសួង បង្រួបបង្រួមជាតិ បានឲ្យដឹងនៅថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាកំពុងបង្កើនសម្ពាធ ទៅលើសហរដ្ឋអាមេរិក តាមរយៈការចេញសេចក្តីថ្លែងការណ៍ ជាបន្តដោយសង្កត់ធ្ងន់ លើជំហររបស់ពួកគេមុន ពេលចាប់ផ្តើមកិច្ចចរចា នុយក្លេអ៊ែរឡើងវិញ។

កាលពីថ្ងៃច័ន្ទ អតីតប្រេសិតនុយក្លេអ៊ែរកូរ៉េខាងជើង លោកគីម យេក្វាន់ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថាកូរ៉េខាងជើង លែងចាប់អារម្មណ៍នឹង រៀបចំកិច្ចប្រជុំកំពូលមួយទៀតជាមួយទីក្រុងវ៉ាស៊ីនតោន ដោយលើកហេតុផលថា ក្រុងព្យុងយ៉ាង មិនបានទទួលអ្វីសោះពីកិច្ចប្រជុំ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានអមដោយការចេញផ្សាយដាច់ ដោយឡែកមួយដោយអតីតអ្នកចរចា នុយក្លេអ៊ែរម្នាក់ទៀតគឺលោកគីម យ៉ុងឆុល ប៉ុន្មានម៉ោងក្រោយមកដែលបានឲ្យដឹងថាសហរដ្ឋអាមេរិក មិនគួរសូម្បីតែសុបិនថា នឹងមានការចរចា ជាមួយកូរ៉េខាងជើង មុនពេលទម្លាក់គោល នយោបាយអរិភាព របស់ខ្លួនប្រឆាំងនឹងក្រុងព្យុងយ៉ាង ៕
ដោយ ឈូក បូរ៉ា

To Top