ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញប្រកាសជូនដំណឹងពីការព្យាករធាតុអាកាសនៅកម្ពុជា ដោយបង្ហាញថា ចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងឲ្យដឹងថា ព្យុះទី២១ ឈ្មោះ អេតូ ( ETAU ) បាន នឹងកំពុងធ្វើបន្ដដំណើរឆ្ពោះមកទិសខាងលិច។ តាមការព្យាករ ព្យុះនេះនឹងចូលដល់លើភាគខាងត្បូងវៀតណាម និងភាគខាងកើតកម្ពុជាមុននឹងថមថយឥទ្ធិពលជាវិសម្ពាធនិងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា ។
ដោយឡែកនៅលើសមុទ្រខាងកើតហ្វីលីពីនកើតព្យុះទី២២ ឈ្មោះ វ៉ាមកូ ( VAMCO )។ តាមការព្យាករ ព្យុះនេះនឹងវិវត្តខ្លួនជាលំដាប់ទៅជាព្យុះទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះ នឹងចូលមកដល់លើភាគកណ្តាលវៀតណាម នៅ ថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាប មុននឹងថមថយមកជាសម្ពាធទាប នៅលើភាគ ឦសានប្រទេសកម្ពុជា។
ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២១-២៣ °C
និងសីតុណ្ហភាពអតិបរមាពី ២៨-៣០ °Cនៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ។
នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅមធ្យម ។
សម្រាប់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី ២០-២១ ° និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C ហើយនៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន ។
នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀង-ខ្យល់ក្នុងកម្រិតមធ្យម ។
ចំពោះតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី ២២-២៤ °Cសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C និងនៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅបង្គួរ ។ នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យម ព្រមទាំងរលកសមុទ្រអាចមានកម្ពស់ខ្ពស់ជាបង្គួរ។
ស្ថានភាពនេះ ក្រសួងអំពាវនាវបានដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលនឹងអាចកើតមានជាយថាហេតុណាមួយ៕