ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ជំរុញអភិបាល រាជធានី-ខេត្ត កំណត់ឲ្យច្បាស់លាស់ អំពីព្រំប្រទល់រដ្ឋបាល

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្នើឲ្យ អភិបាល រាជធានី-ខេត្ត ជំរុញគណៈកម្មការសិក្សាស្រាវជ្រាវ កែសម្រួលព្រំប្រទល់ថ្នាក់ រាជធានី-ខេត្ត ដែលបានបង្កើត នាពេលកន្លងមកឲ្យធ្វើសិក្សា និងវាយតម្លៃលម្អិត ឲ្យបានច្បាស់លាស់អំពី ស្ថានភាពព្រំប្រទល់រដ្ឋបាល និងភាពចាំបាច់នៃការកែសម្រួល ព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បាន កំណត់ច្បាស់លាស់ ។

យោងតាមលិខិតផ្ញើជូន អភិបាលរាជធានី-ខេត្ត របស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេច ស ខេង បានឲ្យដឹងថា ផ្អែកតាមស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន ព្រំប្រទល់រដ្ឋបាល ថ្នាក់ក្រោមជាតិនៅតំបន់ មួយចំនួនបានធ្វើការកំណត់ ច្បាស់លាស់រួចហើយ ប៉ុន្ដែតំបន់ខ្លះនៅមិនទាន់បានសិក្សា និងកំណត់ឲ្យបានច្បាស់លាស់ នៅឡើយ ដែលជាហេតុនាំឲ្យមានការប្រទាញប្រទង់ ដណ្ដើមសមត្ថកិច្ចគ្នា ក្នុងការគ្រប់គ្រង បានជះឥទ្ធិពលមិនល្អ ដល់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការរៀបចំផែនការអភិវឌ្ឍ ការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងកិច្ចការផ្សេងៗទៀតនៅតំបន់ទាំងនោះ ។

សម្ដេចបន្ដថា ក្នុងន័យនេះ ដើម្បីដោះស្រាយបញ្ហា ប្រឈមពាក់ព័ន្ធនឹងព្រំប្រទល់ រដ្ឋបាលមិនទាន់មាន ភាពច្បាស់លាស់ ឲ្យសម្រេចបានទាន់ពេលវេលា សម្រាប់បម្រើឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ ។

សម្ដេចបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងមហាផ្ទៃ ស្នើ ឯកឧត្តម លោកជំទាវ ជំរុញគណៈកម្មការសិក្សា ស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់ រាជធានី-ខេត្ត ដែលបានបង្កើតនាពេលកន្លងមក ឲ្យធ្វើសិក្សា និងវាយតម្លៃលម្អិតឲ្យបានច្បាស់លាស់អំពី ស្ថានភាពព្រំប្រទល់រដ្ឋបាល និងភាពចាំបាច់នៃការកែសម្រួ លព្រំប្រទល់រដ្ឋបាលដែលមិនទាន់បានកំណត់ច្បាស់លាស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយផ្អែកតាម កត្តាប្រជាសាស្ដ្រ និងភូមិសាស្ដ្រ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សា ស្រាវជ្រាវកែ សម្រួលព្រំប្រទល់រដ្ឋបាល រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ របស់ក្រសួងមហាផ្ទៃ» ៕

To Top