អត្ថបទ

ដាប់ប៊ែលយូប៊ី ហ្វាយនែន និង អ៊ូរី ហ្វាយនែន បានគួបបញ្ចូលគ្នាដោយជោគជ័យ ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលបា្រក់បញ្ញើមួយ ដែលកាន់តែធំ និងរឹងមាំ

ភ្នំពេញ៖ ពង្រីកបណ្តាញប្រតិបត្តិការ របស់ខ្លួនរហូតដល់ ១៣៦ សាខា ទូទាំងប្រទេសកម្ពុជា និងបង្កើន ទ្រព្យសកម្ម រហូតដល់ ៤៩៦ លានដុល្លារអាមេរិក ជាមួយនឹងផលប័ត្រ ឥណទានសរុប ៤៣៧ លានដុល្លារអាមេរិក ។

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ រាជធានីភ្នំពេញ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី បានគួបបញ្ចូលគ្នាដោយជោគជ័យ ជាគ្រឹះស្ថានហិរញ្ញវត្ថុតែមួយក្រោមឈ្មោះ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក” និងបានទទួលការអនុម័តពី ធនាគារជាតិ នៃកម្ពុជា និង ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ ការគួបបញ្ចូលនេះ គឺជាជំហានយក្សមួយទៀត សម្រាប់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្នុងការធ្វើឲ្យខ្លួនកាន់តែធំទូលាយ និងរឹងមាំដោយមាន ភាគទុនិក ជា ធនាគារ អ៊ូរី ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅ ប្រទេសកូរ៉េ។

ដាប់ប៊ែលយូប៊ី ហ្វាយនែន បានដាក់រួមបញ្ចូល ផលិតផល និងសេវាហិរញ្ញវត្ថុ ផ្សេងៗ រួមមាន សេវាប្រាក់បញ្ញើ-សន្សំ ប្រាក់កម្ចី សេវាធនាគារចល័ត និងសេវាផ្ទេរប្រាក់។ គណនីទាំងអស់របស់អតិថិជនរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន នឹងត្រូវផ្ទេរទៅកាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដោយរក្សាបញ្ញត្តិនិងលក្ខខណ្ឌដូចមុនដដែល។

លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា “ការគួបបញ្ចូលគ្នារវាង ដាប់ប៊ែលយូប៊ី ហ្វាយនែន និង អ៊ូរី ហ្វាយនែន នាំមកនូវទស្សនវិស័យវិជ្ជមានដល់ បុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់ ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុតែមួយ ដែលនឹងបន្តរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត។ យើងនឹងបន្ត ធ្វើឲ្យសេវាបម្រើអតិថិជន កាន់តែមានភាពប្រសើរឡើង និងពាំនាំមកនូវដំណោះស្រាយសេវាហិរញ្ញវត្ថុដែលងាយស្រួល ជាមួយនឹងសេវាហិរញ្ញវត្ថុ ឌីជីថល ភាពឆ្នៃប្រឌិតខ្ពស់លើផលិតផល និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងបែបបទរស់នៅបែបស៊ីវិល័យរបស់អតិថិជន នាសម័យដ៏ទំនើបនេះ។”

លោកបានបន្តទៀតថា “ដំណើរការនៃការគួបបញ្ចូលដ៏ជោគជ័យនេះ មិនអាចសំរេចទៅបានដោយគ្មាន ការខិតខំប្រឹងប្រែងយ៉ាងមោះមុតពីគណៈគ្រប់គ្រង និងបុគ្គលិកនៃស្ថាប័នទាំងពីរ ក្រុមការងារធនាគារ អ៊ូរី ដែលជាភាគទុនិករបស់យើង រួមជាមួយនឹងការគាំទ្រដ៏សំខាន់ពី ធនាគារជាតិ នៃកម្ពុជា ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរ អតិថិជន ដៃគូ និងភាគីជាប់ពាក់ព័ន្ធផ្សេងៗ។ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះអតិថិជនរបស់យើងទាំងពីរស្ថាប័ន ដែលបាន និងបន្តប្រើប្រាស់ផលិតផល និង សេវាហិរញ្ញវត្ថុរបស់យើង។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលរីកចម្រើនជាមួយប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូននូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ការបង្កើតផលិតផលថ្មីៗ ដូចជាកម្ចីសម្រាប់និយោជិកក្នុងជួររដ្ឋាភិបាល និងការបង្កើតកម្មវិធីសង្គមផ្សេងៗជាបន្តបន្ទាប់។”

លោកស្រី តុប សុក្រសម្ភារ អគ្គនាយិកាប្រតិបត្តិការ របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមាន ប្រសាសន៍ថា “នេះគឺជា ព្រឹត្តិការណ៍សំខាន់មួយទៀតរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បន្ទាប់ពីការ លក់ភាគហ៊ុន របស់គ្រឹះស្ថានទៅឲ្យ ធនាគារ អ៊ូរី ក្នុងឆ្នាំ 2018 ហើយឥឡូវនេះ ត្រូវបានគួបបញ្ជូល ជាមួយ អ៊ូរី ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដ៏ឆ្នើមមួយនៅកម្ពុជា។ យើងបានបញ្ចប់ ដំណើរការនៃការគួបបញ្ចូលនេះ ប្រកបដោយភាពរលូន និងគ្រប់ជ្រុងជ្រោយដោយយើងបាន ផ្តោតសំខាន់លើដំណើរការនេះ ខណៈពេលដែលយើងបានរក្សានូវសេវាបម្រើអតិថិជនដ៏ល្អបំផុតជូនដល់អតិថិជន នៃគ្រឹះស្ថានទាំងពីរ ។”

ដាប់ប៊ែលយូប៊ី ហ្វាយនែន នឹងបន្តបម្រើសេវាហិរញ្ញវត្ថុដល់កម្ពុជា ទូទាំង 25 ខេត្ត-ក្រុង តាមរយៈសាខាទាំង 136 របស់ខ្លួន ដោយផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុដើម្បីបំពេញតម្រូវការរបស់អតិថិជន ជាមួយនឹងការប្រកាន់ភ្ជាប់ទៅនឹងបេសកកម្មរបស់ខ្លួន “ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេដែលផ្តល់នូវសក្តានុពលសេដ្ឋកិច្ច ដើម្បីឲ្យកម្ពុជារីកចម្រើន”។

អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាគ្រឹះស្ថានទទួលបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ ពីធនាគារជាតិ នៃកម្ពុជា និងជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ។ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាង ២០ ឆ្នាំ មកហើយ ជាមួយនឹងការផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែប រួមមាន ប្រាក់កម្ចី សេវាបញ្ញើសន្សំ សេវាផ្ទេរប្រាក់ និង សេវាធនាគារចល័ត។ គិតត្រឹមចុងឆ្នាំ២០១៩ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបមានចំនួន ៣៧៧ លានដុល្លារអាមេរិក និងផលប័ត្រឥណទានសរុប ចំនួន 336 លានដុល្លារអាមេរិក។

អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន គឺជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ឆ្នើមមួយនៅកម្ពុជា ហើយជាបុត្រសម្ព័ន្ធរបស់ ធានាគារ អ៊ូរី ដែលជាធនាគារធំជាងគេមួយនៅប្រទេសកូរ៉េ។ អ៊ូរី ហ្វាយនែន ត្រូវបានបង្កើតឡើងចាប់ពីឆ្នាំ ២០១០ ហើយបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងដើមឆ្នាំ 2011។ អ៊ូរី ហ្វាយនែន ផ្តល់ជូនប្រាក់កម្ចីតាមរយៈសាខាទាំង២០ របស់ខ្លួន នៅក្នុងទីក្រុងភ្នំពេញ កំពុងស្ពឺ និងកណ្តាល។ ជាច្រើនឆ្នាំកន្លងមកនេះ អ៊ូរី ហ្វាយនែន បានពង្រីកប្រតិបត្តិការ របស់ខ្លួនជាលំដាប់ ហើយនឹងបន្តផ្តល់ជូនប្រាក់កម្ចី ដែលជាតម្រូវការចំាបាច់របស់អតិថិជន ជួយទ្រទ្រង់អតិថិជនក្នុងការពង្រីកអាជីវកម្ម និងធ្វើឲ្យជីវិតពួកគេកាន់តែប្រសើរឡើង។

អំពី ធនាគារ អ៊ូរី
ធនាគារ អ៊ូរី មានការិយាល័យកណ្តាលនៅ សេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានបង្កើតឡើងនៅឆ្នាំ 1899 និងជា ធនាគារពាណិជ្ជ ឈានមុខគេមួយនៅប្រទេសកូរ៉េ ជាមួយនឹងបណ្តាញសាខាដ៏ធំទូលាយជុំវិញ ពិភពលោក។ ធនាគារ អ៊ូរី ផ្តល់ជូនសេវាធនាគារបុគ្គល ធនាគារពាណិជ្ជកម្ម និងវិនិយោគ ជាច្រើនប្រភេទ តាមរយៈសាខាក្នុងស្រុក ចំនួន ៧៤៧ និង បណ្តាញសាខាសកលចំនួន ៤៥១ នៅក្នុង ប្រទេសចំនួន ២៦ជុំវិញពិភពលោក។ ក្នុងឆ្នាំ ២០២០ នេះធនាគារ អ៊ូរី អបអរសាទរខួបទី ១២១ ដែលខ្លួនបានរក្សា ប្រវត្តិសាស្រ្តរបស់ខ្លួននៅលើទីផ្សារហិរញ្ញវត្ថុអស់ជាង មួយសតវត្សរ៍ មកហើយ។


ទំនាក់ទំនងផ្នែកសារព័ត៌មាន
សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទាក់ទង លោកស្រី វន ស្រីម៉ៅ តាមរយៈ 087 27 5555 serymao.von@wbfinance.com.kh ឬ ការិយាល័យកណ្តាល របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ផ្ទះលេខ 398 ផ្លូវមុនីវង្ស សង្កាត់បឹងកេងកង 1 ខណ្ឌបឹងកេងកង ភ្នំពេញ ឬចូលទៅកាន់គេហទំព័រ www.wbfinance.com.kh

To Top