អត្ថបទ

សែលកាត ចូលរួមបរិច្ចាគ ឧបករណ៍ជំនួយ ការសិក្សាផ្នែកព័ត៌មានវិទ្យាសំខាន់ៗ ជូនអង្គការ អនាគតកុមារអន្តរជាតិ

បាត់ដំបង៖ ក្រុមហ៊ុន សែលកាត ពិតជាមានក្តីសោមនស្សបំផុត ដែលមានឱកាសចូលរួម បរិច្ចាគវិភាគទាន សំរាប់ការទិញសំភារៈសិក្សា បច្ចេកទេស ដែលមានជា ipad និងផ្តល់ជូននូវសីុមកាត សំរាប់ការភ្ជាប់អិនធើណិត ជូនដល់មជ្ឈមណ្ឌល អនាគតកុមារអន្តរជាតិ (CFI) នៅក្នុងខេត្តបាត់ដំបង កាលពីសប្តាហ៍កន្លងទៅនេះ។ ការបរិច្ចាគនេះ គឺសំដៅជួយកាត់បន្ថយ នូវផលប៉ះពាល់ ទៅលើកុមារខ្មែរ ដែលកំពុងជួបប្រទះ នូវការលំបាក ដោយសារជម្ងឺរាតត្បាត កូវីដ-១៩។

ក្រុមហ៊ុនសែលកាត មានកិត្តិយសជាខ្លាំង ដែលមានឱកាសអាចចូលរួមសហការ ជាដៃគូជាមួយអង្គការ CFI នៅក្នុងអំឡុងដើមឆ្នាំ ២០២០ នេះ ដើម្បីផ្តល់ជូន នូវជំនួយបន្ទាន់ សម្រាប់គាំទ្រដល់កម្មវិធី អប់រំយុវជន។ តាមស្ថានភាពជាក់ស្តែង បានឱ្យដឹងថា សិស្សកំពុងសិក្សាទាំងអស់ ដែលទទួលបានការគាំទ្រដោយ CFI នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានជួបប្រទះ នូវការពិបាកជាខ្លាំង ក្នុងការសិក្សាពីផ្ទះ ក៏ដូចជាការចូលរួមសិក្សា ឱ្យបានជាប់លាប់ នៅក្នុងឆ្នាំនេះ។

ពិធីប្រគល់អំណោយនេះ ត្រូវបានរៀបចំធ្វើឡើង នៅអង្គការ CFI ដើម្បីអបអរសាទរ ជាផ្លូវការ នូវកិច្ចសហការជាដៃគូ  ដ៏សំខាន់នេះ។ ទន្ទឹមនឹងនោះ សមាជិកក្រុមការងារ សែលកាត និងភ្ញៀវទាំងអស់ ដែលបានចូលរួម សុទ្ធតែមានអារម្មណ៍រំភើបរីករាយឥតឧបមា ដោយពិធីនេះ ក៏មានការចូលរួម ដោយទូតសុឆន្ទៈតំណាង ឱ្យសែលកាត គឺកញ្ញា រ៉េត ស៊ូហ្សាណា និង Influencer ម្នាក់ទៀត របស់ក្រុមហ៊ុនសែលកាត គឺលោក ប៊ុន ឡេង ផងដែរ។

ជាសរុបរួម សិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ចំនួន ២៧នាក់ បានទទួលនូវអំណោយ ជាipad ពីក្រុមហ៊ុនសែលកាត។ បន្ថែមលើនេះ សិស្សចំនួន ៧០នាក់ទៀត នឹងទទួលបានការបណ្តុះបណ្តាលនូវជំនាញ ផ្នែកកុំព្យូទ័រ តាមរយៈការប្រើប្រាស់ឧបករណ៍កុំព្យូទ័រ ទើបនឹងដំឡើងសមត្ថភាពថ្មី ផ្តល់ជូនដោយសែលកាតផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ ឱ្យដឹងថា៖ “យើងពិតជាដឹងច្បាស់ថា អំឡុងពេលនេះ គឺជាវេលាដ៏លំបាកមួយ ដែលអាចនាំឱ្យសិស្ស កំពុងសិក្សាទាំងអស់ មានអារម្មណ៍តានតឹងជាងធម្មតា ដូច្នេះហើយ យើងពិតជាមាន មោទនភាពបំផុត ដែលអាចគាំទ្រ ដល់ពួកគាត់ តាមរយៈការផ្តល់ជូននូវឧបករណ៍ប្រើប្រាស់ ដើម្បីជួយពួកគាត់ ឱ្យសម្រេចបាននូវលទ្ធផលសិក្សាល្អបំផុត។ យើងចង់ប្រាកដថា យុវជនខ្មែរទាំងអស់ នឹងអាចទទួលបាន នូវមធ្យោបាយឌីជីថល សម្រាប់ការសិក្សារបស់ពួកគេ យ៉ាងជាក់ច្បាស់តែម្តង”។

គួរឱ្យចាប់អារម្មណ៍ផងដែរ ក្រុមការងារ និងភ្ញៀវកិត្តិយសរបស់សែលកាតទាំងអស់ ក៏មានក្តីសោមនស្សបំផុត ដែលបានចូលរួមផ្តល់អាហារ ជូនដល់ក្រុមគ្រួសារ ដែលកំពុងជួបប្រទះនូវការខ្វះខាត រួមទាំងជនចាស់ជរា ជាច្រើនទៀត ដែលបានចូលរួមនៅក្នុងពិធីនេះ។

លោក វ៉ាតសុន បានបន្តឱ្យដឹងទៀតថា សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវា ទូរគមនាគមន៍ និងគ្រប់គ្រង ដោយជនជាតិខ្មែរទាំងស្រុងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមជួយគាំទ្រ ដល់ប្រជាជនខ្មែរ ដោយឥតរាថយ។ ជាមួយនឹងការប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ នៅទូទាំងប្រទេស ក្នុងខែកញ្ញានេះ យើងសូមលើកទឹកចិត្ត ឱ្យអ្នករាល់គ្នា ចូលរួមឱ្យអស់ ពីសមត្ថភាព ដើម្បីជួយដល់អ្នក ដែលកំពុងជួបការខ្វះខាត ជាពិសេសនៅក្នុងឆ្នាំនេះ ដែលជាឆ្នាំដ៏លំបាកមួយសម្រាប់ពលរដ្ឋខ្មែរ ភាគច្រើនតែម្តង។

ការគាំទ្ររបស់ ក្រុមហ៊ុនសែលកាត ក្នុងការជួយដល់អង្គការ CFI នឹងមិនត្រឹមតែ អាចជួយយុវជនខ្មែរ ឱ្យទទួលបាននូវការគាំទ្រផ្នែកអប់រំ និងមាតិកាតាមអនឡាញ ប៉ុណ្ណោះទេ វាក៏នឹងជួយទៅដល់ការ ស្ដារជម្រុញកំណើន ក្រោយពីវិបត្តិ នៃជម្ងឺកូវីដ-១៩ផងដែរ៕

To Top