អត្ថបទ

សែលកាត ដាក់ភ្ជាប់ប័ណ្ណ ចាក់វ៉ាក់សាំង កូវីត១៩ ក្នុងកម្មវិធីជជែកកម្សាន្ត Pouk Mak របស់ខ្លួន ដើម្បីគាំទ្រ ដល់ពលរដ្ឋកម្ពុជា នៅក្នុងអំឡុងពេល នៃជំងឺរាតត្បាតនេះ

ភ្នំពេញ-ថ្ងៃទី 14 ឧសភា 2021៖ ក្នុងថ្ងៃនេះ ក្រុមហ៊ុនសែលកាត បានប្រកាសដាក់ ឱ្យដំណើរការ សេវាកម្មដោយភ្ជាប់ឯកសារ ចាក់សាំងកូវីត១៩ (Covid-19 Vault) នៅក្នុងកម្មវិធីជជែកកម្សាន្ត Pouk Mak ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីរក្សាទុកនូវព័ត៌មាន អំពីការចាក់វ៉ាក់សាំង របស់ពួកគេ តាមប្រព័ន្ធឌីជីថល។

សេវាកម្មថ្មីនេះ បង្ហាញវត្តមានឡើង ស្របពេលដែលបណ្តាសហគមន៍ គ្រួសារប្រជាពលរដ្ឋ និងអាជីវកម្មជាច្រើន កំពុងទទួលរងនូវផលប៉ះពាល់ ដោយសារការបិទខ្ទប់ និងការដាក់បម្រាមគោចរ នាពេលបច្ចុប្បន្ននេះ។

នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ សេវាកម្មនេះ នឹងត្រូវបានពង្រីកបន្ថែម ដោយមានដាក់បញ្ចូល​ នូវលទ្ធផលតេស្តជម្ងឺ កូវីដ19 ក៏ដូចជាមុខងារតាមដាន និងស្វែងរកប្រភពចម្លង ដ៏ពេញលេញផងដែរ។

សេវាកម្ម Covid-19 Vault ផ្តល់ជូនដល់ប្រជាពលរដ្ឋខ្មែរ នូវទីកន្លែងដែលមានសុវត្ថិភាពខ្ពស់ ដើម្បីរក្សាទុកព័ត៌មាន អំពីការចាក់វ៉ាក់សាំងរបស់ពួកគេ ក៏ដូចជាផ្តល់នូវទំនុកចិត្តខ្ពស់ ខណៈដែលពួកគេកំពុងព្យាយាម រក្សាសុខសុវត្ថិភាពផ្ទាល់ខ្លួន និងការពារខ្លួនទៅនឹងការប៉ះពាល់ ជាមួយនឹងមេរោគកូវីដ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងថា Covid-19 Vault គឺជាសេវាកម្មដំបូងគេបង្អស់ មួយនៅលើពិភពលោក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចរក្សាទុកនូវព័ត៌មានសុខភាព តាមប្រព័ន្ធអេឡិចត្រូនិច នៅលើកម្មវិធីទូរស័ព្ទ ហើយជាពិសេសនោះ សេវាកម្មនេះ ត្រូវបានបង្កើតឡើងដោយកូនខ្មែរ សម្រាប់ប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់តែម្តង។

លោក វ៉ាតសុន បានមានប្រសាសន៍បន្តថា៖ “សេវាកម្មនេះ មានលក្ខណៈស្រដៀង ទៅនឹងសេវាកម្មសុខភាព អេឡិកត្រូនិក ដែលកំពុងដាក់ឱ្យប្រើប្រាស់ នៅសហរដ្ឋអាមេរិក និងផ្នែកខ្លះទៀតនៃទ្វីបអឺរ៉ុប ដែលអ្នកប្រើប្រាស់ អាចប្រើព័ត៌មានឌីជីថលរបស់ពួកគេនេះ នៅតាមអាកាសយានដ្ឋាន សណ្ឋាគារ មន្ទីរពេទ្យ និងកន្លែងផ្សេងៗទៀតជាច្រើនផងដែរ”។

“សេវាកម្មរបស់យើង បានបង្ហាញឱ្យឃើញច្បាស់ នូវភាពប៉ិនប្រសព្វរបស់កូនខ្មែរ ក្នុងការបង្កើតសេវាកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់។ ក្រុមហ៊ុនសែលកាត នឹងនៅរួមសុខទុក្ខជាមួយ បងប្អូនពលរដ្ឋខ្មែរជានិច្ច ហើយពួកយើងនឹងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ដើម្បីជួយគាំទ្រ ដល់ប្រទេសកម្ពុជា រហូតដល់រួចផុតពីវិបត្តិមួយនេះ”។

“ពួកយើងបានឃើញ ការផ្លាស់ប្តូរដ៏ពុំគួរឱ្យជឿ នៃការចាប់ផ្តើមទទួលយក ប្រព័ន្ធឌីជីថល ក្នុងអំឡុងពេលនៃការរាតត្បាតដោយជម្ងឺកូវីដនេះ ពោលគឺបានសបញ្ជាក់ ឱ្យឃើញកាន់តែច្បាស់ថា ពេលនេះគឺជាពេលវេលា ដ៏សក្តិសមបំផុត ក្នុងការជម្រុញសេវាកម្ម សុខភាពអេឡិចត្រូនិកនៅកម្ពុជា”។

ផ្ទាំងពាណិជ្ជកម្ម

Covid-19 Vault គឺជាមុខងារថ្មីបំផុតមួយ ភ្ជាប់មកជាមួយនៅក្នុង កម្មវិធីជជែកកម្សាន្ត Pouk Mak របស់សែលកាត ដែលជាកម្មវិធីផ្តល់ជូន ដល់ប្រជាពលរដ្ឋខ្មែរ នូវមុខងារដូចគ្នាទៅនឹង កម្មវិធីពេញនិយមកម្រិតសកល អមដោយការប្រើប្រាស់ នូវភាសាខ្មែរ រួមជាមួយនឹងការបម្លែង ទិន្នន័យជាកូដ សុវត្ថិភាពទាំងស្រុង និងការរក្សាទុកទិន្នន័យ ប្រកបដោយសុវត្ថិភាពបំផុត នៅក្នុងប្រទេសកម្ពុជា។

កម្មវិធី Pouk Mak App ផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្រាស់ សម្រាប់មនុស្សគ្រប់វ័យ ហើយថែមទាំងមិនមាន ការគិតថ្លៃចំពោះការទាញយក ឬការប្រើប្រាស់កម្មវិធី ដើម្បីតេចេញជាសំឡេង ជួបសន្ទនាតាមវីដេអូ ចែករំលែកឯកសារ ផ្ញើរូបស្ទីកគ័រ និងការចុះឈ្មោះ ដើម្បីទទួលបាន ព័ត៌មានផ្ទាល់ខ្លួន នោះឡើយ។

លោក វ៉ាតសុន បានមានប្រសាសន៍ថា៖ “អ្វីដែលអ្នកត្រូវការនោះគឺ ទូរស័ព្ទមួយគ្រឿង ស៊ីមកាតមួយ និងគម្រោងទិន្នន័យទូទៅរបស់ប្រតិបត្តិករមួយណាក៏បាន”។
“ប៉ុន្តែប្រសិនបើអ្នកជាអតិថិជនរបស់សែលកាត យើងនឹងមានផ្តល់ជូននូវទិន្នន័យ 2GB ជារៀងរាល់ខែ ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្ត និងការគាំទ្ររបស់ពួកយើងចំពោះអ្នក” ។

លោកបានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនសែលកាត នឹងបន្តរក្សា ក៏ដូចជាពង្រឹងសេវាកម្មបណ្តាញ លំដាប់ពិភពលោករបស់ខ្លួន តាមរយៈការរៀបចំ ឱ្យក្រុមវិស្វករ ចូលទៅកាន់តំបន់ក្រហម និងតំបន់ពណ៌លឿងទុំ ដើម្បីផ្តល់ការថែទាំ ទៅលើការផ្តល់សេវា រួមជាមួយនឹងការដំឡើង នូវទីតាំងបណ្តាញថ្មីៗ។

សែលកាត បានដំឡើងទីតាំងថ្មីៗចំនួន៩២ ស្រុក ចាប់តាំងពីខែមករាមក ដែលនេះគឺជាផ្នែកមួយ នៃផែនការពង្រីកបណ្តាញ សេវាក្នុងទំហំទឹកប្រាក់ 50លានដុល្លារ សម្រាប់ឆ្នាំនេះ។

“ក្រុមហ៊ុនសែលកាត នឹងបន្តនវានុវត្តិន៍ ក៏ដូចជាស្វែងរកនូវមធ្យោបាយ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីជួយគាំទ្រ ដល់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចកម្ពុជា ស្របតាមទស្សនវិស័យរបស់ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ចំពោះការសម្រេចឱ្យបាន នូវឌីជីថលនីយកម្ម នៅក្នុងប្រទេសកម្ពុជា”។

កម្មវិធី Pouk Mak App ត្រូវបានដាក់ជូនឱ្យទាញ យកសម្រាប់ប្រើប្រាស់ ទាំងនៅលើ Play Store របស់ Android និង App Store របស់ iOS ។ បន្ទាប់ពីចំណាយពេលពីរ បីនាទី សម្រាប់ការចុះឈ្មោះហើយ អ្នកប្រើប្រាស់ អាចចូលទៅកាន់ Setting ហើយចុចលើ COVID-19 VAULT បន្ទាប់មកចុច ស្កេន និងរក្សាទុកព័ត៌មាន អំពីស្ថានភាពនៃការ កាតចាក់វ៉ាក់សាំងកូវីត១៩ និងឯកសារសុខភាពសំខាន់ៗ ដទៃទៀតទៅកាន់កម្មវិធី Pouk Mak App របស់ពួកគេដើម្បីអាចចូល មើលបានរហ័សផងដែរ៕

To Top