អត្ថបទ

ក្រុមហ៊ុនទឹកពិសាហាយ-ធិច បានរៀបចំកម្មវិធីដំណើរ សប្បុរសធម៌ទៅកាន់ខេត្តសៀមរាប ដើម្បីលើកកម្ពស់ការអប់រំក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនទឹកពិសាហាយ-ធិច បានរៀបចំកម្មវិធីដំណើរសប្បុរសធម៌ទៅកាន់អង្គការ វីលេច្សហូមស្គូល ដែលមានទីតាំងស្ថិតនៅក្នុង ភូមិស្រះស្រង់ខាងត្បូង ឃុំនគរធំ ស្រុកសៀមរាប ខេត្ដសៀមរាប ខេត្តសៀមរាបក្រោមពាក្យស្លោក “គ្រប់តំណក់នាំមកនូវស្នាមញញឹម” កាលពីព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដំណើរសប្បុរសធម៌នេះត្រូវបានផ្ដល់កិត្តិយសផ្ដួចផ្ដើ​ម និងដឹកនាំដោយលោក លាង វិនឡុង អគ្គនាយករង ក្រុមហ៊ុនទឹកពិសា ហាយ-ធិច ក្រោមការសហការជាមួយ កញ្ញា យត់ សាយ័ន្ត នាយកសាលា​ វីលេច្សហូមស្គូល និងត្រូវបានសហការរៀបចំដោយលោក សាមឌី ហៅចៅមាណព ដែលជាអ្នកបង្កើតមាតិកាដំណើរផ្សងព្រេងនៅក្នុងបណ្ដាញសង្គមដែលមានឈ្មោះបោះសម្លេងមួយរូបនៅកម្ពុជា។ ជាមួយគ្នានេះ ក៏មានការចូលរួមពីសំណាក់សិស្សានុសិស្សចំនួនជិត ៤០០នាក់ ក៏ដូចជាលោកគ្រូអ្នកគ្រូនៅក្នុងសាលាផងដែរ។

ជាផ្នែកមួយ នៃកិច្ចការសង្គមកម្មវិធីសប្បុរសធម៌នេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់កុមារៗនៅក្នុងស្រុកស្រះស្រង់ខេត្តសៀមរាបដែលមានជីវភាពខ្វះខាតនៅក្នុងការបន្តការសិក្សាផ្នែកភាសាអង់គ្លេស ក៏ដូចជាចូលរួមលើកកម្ពស់វិស័យអប់រំ ពង្រីកធនធានមនុស្ស និងលើកកម្ពស់វប្បធម៌ចែករំលែកនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក លាង វិនឡុង បានលើកឡើងថា “ការចូលរួមសកម្មភាពសង្គមគឺជាចក្ខុវិស័យមួយរបស់ក្រុមហ៊ុនទឹកពិសាហាយ-ធិច ហើយកន្លងមកក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសប្បុរសធម៌ និងសកម្មភាពសង្គមផ្សេងៗជាច្រើនទៀតផងដែរ។ ជាមួយគ្នានេះដែល យើងក៏សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងជឿជាក់លើគុណភាព និង សកម្មភាពរបស់ហាយ-ធិច កន្លងមក។ យើងតាំងចិត្តយ៉ាងមុតមាំថានឹងនៅតែបន្តសកម្មភាពបែបនេះតទៅមុខទៀត ជាពិសេសលើវិស័យអប់រំដើម្បីជួយដល់កុមារតូចៗ ដែលជួបប្រទះបញ្ហាខ្វះខាតផ្សេងៗនៅក្នុងការទទួលបានការអប់រំនៅតាមតំបន់នានា។”

បន្ថែមពីនេះលោកអគ្គនាយករងក៏មានសារផ្ដាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់នៅសាលា វីលេច្យហូមស្គូលអោយខិតខំប្រឹងប្រែងរៀនសូត្រដើម្បីជាធនធានដ៏ល្អសម្រាប់សង្គមជាតិទៅថ្ងៃអនាគតមិនថាយើងចាប់ផ្តើមកើតចេញពីគ្រួសារក្នុងកំរិតជីវភាពណាក៏ដោយ។”

នៅក្នុងកម្មវិធីសប្បុរសធម៌នេះដែរ ក្រុមហ៊ុនទឹកពិសាហាយ-ធិចបាននាំយកនូវសម្ភារៈមួយចំនួនដែលក្នុងនោះរួមមាន សម្ភារៈសិក្សា​ចំនួន ៤០០ឈុត សៀវភៅអាន ធុងចម្រោះទឹកចំនួន​២ ទឹកពិសាហាយ-ធិចចំណុះ ២០លីត្រចំនួន ២០ធុង និងចំណុះ 350 ml ចំនួន ១០០ កេស ដើម្បីឧបត្ថម្ភទៅដល់សិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូដែលបង្រៀននៅក្នុងសាលា វីលេច្សហូមស្គូល ។

ជាមួយគ្នានេះដែរ កញ្ញា យត់ សាយ័ន្ត នាយកសាលាបានមានប្រសាសន៍យ៉ាងក្បោះក្បាយថា៖ “កញ្ញា យត់ សាយ័ន្ត នាយកសាលាបានលើកឡើងថា ” គោលបំណង នៃការបង្កើតសាលាបង្រៀននេះឡើង ព្រោះដោយសារតែកាលពីនៅក្មេងខ្ញុំខ្លួនឯងផ្ទាល់បានជួបប្រទះនូវការខ្វះខាតសាលារៀនដើម្បីរៀនសូត្រ។ ហេតុនេះហើយ ទើបខ្ញុំចង់បង្កើតសាលារៀនមួយសម្រាប់ក្មេងៗដែលមានជីវភាពខ្វះខាតដើម្បីទទួលបានការសិក្សាអប់រំឱ្យបានគ្រប់ៗគ្នា។” ជាមួយគ្នាកញ្ញាក៏បានធ្វើការថ្លៃងអំណរគុណដល់ក្រុមការងាររបស់ក្រុមហ៊ុនទឹកពិសាហាយ-ធិច។ ដែលបានចំណាយពេលវេលាចុះមកសួរសុខទុក្ខ និង ផ្ដល់ជាសម្ភារៈសិក្សា និង ថវិកាឧបត្ថម្ភដល់ក្មេងៗគ្រប់ថ្នាក់ដែលកំពុងសិក្សាថ្នាក់ភាសានៅសាលា វិលេច្យហូមស្គូលផងដែរ។”

បន្ថែមពីនេះ លោកសាមឌី ហៅចៅមាណព ក៏បានបន្ថែមថា៖ “”ក្នុងនាមខ្ញុំបាទជាអ្នកបង្កើតមាតិកា ក្នុងបណ្ដាញសង្គម នាពេលកន្លងមកនេះ ខ្ញុំបាទពិតជាមានមោទនភាពក្នុងការធ្វើការជាមួយក្រុមការងាររបស់ទឹកពិសា ហាយ-ធិច ដោយសារខ្ញុំបាទមានទំនុកចិត្ដលើគុណភាព និងការតាំងចិត្ដរបស់ហាយធិចក្នុងការផ្ដល់ជូននូវទឹកពិសា ដែលមានគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា តាំងពីឆ្នាំ ២០០១។ កម្មវិធីសប្បុរសធម៌នេះ បានបញ្ជាក់ពីគោលបំណងលើកទឹកចិត្តដល់កុមារៗ នៅក្នុងស្រុកស្រះស្រង់ខេត្តសៀមរាប ដែលមានជីវភាពខ្វះខាតនៅក្នុងការបន្តការសិក្សាផ្នែកភាសាអង់គ្លេស ក៏ដូចជាចូលរួមលើកកម្ពស់វិស័យអប់រំ ពង្រីកធនធានមនុស្ស និងលើកកម្ពស់វប្បធម៌ចែករំលែកនៅក្នុងប្រទេសកម្ពុជាផងដែរ។
ខ្ញុំសង្ឃឹមថា ក្រុមហ៊ុន ហាយធិចនឹងបន្ដសកម្មភាពសង្គមល្អៗផ្សេងៗទៀត នៅថ្ងៃអនាគត។”

គួរបញ្ជាក់ផងដែរថា ជាមួយនឹងសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើននៅក្នុងរយៈពេល ជាង២២ឆ្នាំចុងក្រោយនេះ ទឹកពិសាហាយ-ធិចបាន កំពុងនឹងបន្តផ្ដួចផ្ដើមគម្រោងឧបត្ថម្ភនៅក្នុងកិច្ចការសង្គមនានាដើម្បីលើកកម្ពស់វិស័យអប់រំ កីឡា និងសុខភាព នៅក្នុងប្រទេសកម្ពុជា។
សព្វថ្ងៃនេះទឹកពិសាហាយ-ធិចត្រូវបានស្គាល់ថាជាទឹកពិសាដែលឈានមុខ និង មានគុណភាពខ្ពស់ក្នុងប្រទេសកម្ពុជានិងមានដាក់លក់និងចែកចាយ គ្រប់ខេត្ដក្រុងនិងរាជធានី នៅតាម ទីផ្សារ ម៉ាត ក៏ដូចជា ដេប៉ូបោះដុំ និងរាយទាំងអស់នៅទូទាំងប្រទេស។

To Top