Covid-19

ប្រធានសិទ្ធិមនុស្សយូអិន អំពាវនាវឲ្យដកទណ្ឌកម្ម លើកូរ៉េខាងជើង ជុំវិញផលប៉ះពាល់ ដោយជំងឺកូវីដ-១៩

យូអិន៖ ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានអំពាវនាវឱ្យបន្ធូរបន្ថយ ការដាក់ទណ្ឌកម្ម លើប្រទេសកូរ៉េខាងជើង ចំពេលមានកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩ថ្មីនេះ។

លោកស្រី Bachelet បានធ្វើការអំពាវនាវ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ នៅលើគេហទំព័ររបស់ទីភ្នាក់ងារ កាលពីថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) ថាការដាក់ទណ្ឌកម្ម លើប្រទេសរួមមានកូរ៉េខាងជើង អ៊ីរ៉ង់ និងគុយបា គួរតែត្រូវបានលើកលែង ព្រោះប្រទេសទាំងនេះ ស្ថិតក្នុងចំណោមប្រទេស ដែលកំពុងប្រឈមនឹងការឆ្លង ជំងឺរាតត្បាតវីរុសកូរ៉ូណា។

លោកស្រីបញ្ជាក់ថា “នៅក្នុងពេលវេលាដ៏សំខាន់នេះ ទាំងហេតុផលសុខភាពសាធារណៈសកល និងដើម្បីគាំទ្រដល់សិទ្ធិ និងការរស់នៅរបស់ប្រជាជនរាប់លាននាក់ នៅក្នុងប្រទេសទាំងនេះ ការដាក់ទណ្ឌកម្មតាមវិស័យ គួរតែត្រូវបានបន្ធូរបន្ថយឬព្យួរ”។

លោកស្រី ក៏បានព្រមានផងដែរថា ការដាក់ទណ្ឌកម្មអាចរារាំង ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកវេជ្ជសាស្រ្ត ក្នុងការទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីស- ១៩ ដោយសារប្រទេសទាំងនេះ ខ្វះឧបករណ៍ និងការផ្គត់ផ្គង់បង្កើនហានិភ័យ នៃការឆ្លងមេរោគ នៅក្នុងប្រទេសជិតខាង និងនៅទូទាំងពិភពលោក៕ ដោយ៖ ឈូក បូរ៉ា

To Top