យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ បានដាក់ចេញនូវផែនការ ឆ្លើយតបផ្នែកមនុស្សធម៌ជាសកល ដែលមានទឹកប្រាក់ ២ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃវីរុសឆ្លងកូវីដ-១៩ នៅក្នុងប្រទេសក្រីក្របំផុត លើពិភពលោក។
លោកបានថ្លែង នៅក្នុងព្រឹត្តិការណ៍ បើកដំណើរការជាក់ស្តែង សម្រាប់គម្រោង ដែលនឹងត្រូវគ្រប់គ្រង ដោយការិយាល័យ អង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌។
ថវិកាចំនួន ២ ពាន់លានដុល្លារ ជាជំនួយបន្ទាន់ផ្តល់សម្រាប់ការផ្គត់ផ្គង់ និងការធ្វើតេស្តវេជ្ជសាស្ត្រ ស្ថានីយលាងដៃ យុទ្ធនាការព័ត៌មានសាធារណៈ និងការធានាការដឹកជញ្ជូន សម្រាប់បុគ្គលិកមនុស្សធម៌ និងការផ្គត់ផ្គង់ដើម្បីឈានដល់អ្នក ដែលរងគ្រោះបំផុត៕ ដោយ៖ ឈូក បូរ៉ា