បរទេស៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ជូដូ វីដូដូ នៅថ្ងៃអង្គារនេះ បានមានប្រសាសន៍ប្រាប់ថា លោកទើបបានចុះហត្ថលេខា លើបញ្ញត្តិមួយ អនុញ្ញាតឲ្យរដ្ឋាភិបាលបង្កើនការចំណាយ នៅក្នុងដំណើរ ប្រយុទ្ធប្រឆំាងនឹងកូរ៉ូណាវីរុស និងពង្រីកឱនភាពថវិកាឆ្នាំ២០២០ ឲ្យដល់៥,០៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប។
ក្រៅពីនោះ លោក វីដូដូ ក៏បានប្រកាសភាពអាសន្ន នៃសុខភាពសាធារណៈថ្នាក់ជាតិ និងបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងចំណាយប្រាក់ ២៤,៨៥ពាន់លានដុល្លារបន្ថែមទៀត លើការឆ្លើយតបនឹងកូរ៉ូណាវីរុស កម្មវិធីសុខុមាលភាពសង្គម និងការលើកកម្ពស់សេដ្ឋកិច្ច។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា បទបញ្ញត្តិបន្ទាន់នេះ ត្រូវបានដាក់ឲ្យមានប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែសភាត្រូវតែអនុម័តវា ឲ្យចូលជាច្បាប់ជាធរមាន នៅក្នុងកិច្ចប្រជុំបច្ចុប្បន្នរបស់ខ្លួន៕ ប្រែសម្រួល៖ប៉ាង កុង