បរទេស៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ប្រទេសថៃ បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ចំនួន ១២៦ នាក់ថែមទៀត ក្នុងនោះ ករណីឆ្លងក្នុងស្រុកមានចំនួន ១១៦ នាក់ និង ករណីនាំចូលចំនួន ១០នាក់ ដែលបានធ្វើឱ្យប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៤ ៤០៥ នាក់ និងស្លាប់ ៨០នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងក្នុងស្រុកថ្មីចំនួន ៧៩ នាក់ ត្រូវបានរកឃើញតាមរយៈការស្វែងរកករណី សកម្មនៅក្នុងខេត្តចំនួន ៥ គឺខេត្តសាមុតសាខុន (២៤) ខេត្ត Pathum Thani (១) Phetchaburi (១) ខេត្ត Tak (៥២) និង ខេត្ត Samut Songkhram (១) នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ។
សូមជម្រាបថា ប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៤ ៤០៥ នាក់ ក្នុងនោះ បានព្យាបាលឱ្យជាសះស្បើយចំនួន ២១ ១៨០នាក់ (៨៦,៨%) , អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣ ១៤៥ នាក់ និង មានអ្នកស្លាប់ចំនួន ៨០ នាក់៕ប្រែសម្រួលៈ ណៃ តុលា