ភ្នំពេញ ៖ ស្រ្តីម្នាក់ឈ្មោះ បាន គឹមហ៊ាង អាយុ ៥៣ឆ្នាំដែលបានរកឃើញឆ្លងជំងឺកូវីដ១៩ បានចូលទៅព្យាបាលជំងឺនៅមន្ទីរព្យាបាល ឃាង រ៉ូហ្សា ស្ថិតនៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃ២៣ មិថុនា ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលស្រុកខ្សាច់កណ្តាលនាថ្ងៃ២៩ មិថុនា ។

បើតាមការរៀបរាប់របស់រដ្ឋបាលស្រុកខ្សាច់កណ្តាល ស្រ្តី ឈ្មោះ គឹមហ៊ាង រស់នៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺមានអាការៈមិនស្រួលខ្លួនបានក្រុមគ្រួសារជូនមកសម្រាកព្យាបាលជំងឺនៅគ្លីនិចឯកជន (មន្ទីរសម្រាកព្យាបាល ឃាង រ៉ូហ្សា) បានដាក់សារ៉ូម និងសម្រាកមួយយប់មួយថ្ងៃ ហើយបានត្រឡប់ទៅផ្ទះវិញ ដោយអ្នកជំងឺនៅតែមិនទាន់ស្រួលខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺបន្តទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យព្រះកិតុមាលា មុនពិនិត្យព្យាបាល ក្រុមគ្រូពេទ្យបានយកសំណាកតេស្តរហ័ស លទ្ធផលចេញមកវិជ្ជមានកូវីដ១៩ បន្ទាប់មកក្រុមគ្រូពេទ្យក៏បានបញ្ជូនអ្នកជំងឺកូវីដ-១៩ ទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាល វិមានភ្នំពេញ សែនសុខថ្មី ។

ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ ជាមួយអ្នកជំងឺ មានសមាជិក១០នាក់ ស្រី៥នាក់ នៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់។ ចំពោះគ្រួសារពាក់ព័ន្ធត្រូវបានហ៊ុព័ទ្ធផ្ទះ និងបានបញ្ជូនមកធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ដើម្បីតាមដានសុខភាពបន្តទៀត។
រដ្ឋបាលស្រុកខ្សាច់កណ្តាល បានផ្អាកជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលជំងឺ ឃាង រ៉ូហ្សា១៤ថ្ងៃផងដែរ ៕

