ព្រឹត្តិការណ៍ប្រចាំថ្ងៃ

អ៊ីរ៉ង់ ជំរុញឲ្យដោះស្រាយ បញ្ហាជនភៀសខ្លួន និងទណ្ឌកម្ម ដើម្បីជួយស៊ីរី ឲ្យរួចផុតពីវិបត្តិ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានអំពាវនាវឱ្យដោះស្រាយ បញ្ហាជនភៀសខ្លួន និងការហ៊ុមព័ទ្ធដោយទណ្ឌកម្មប្រឆាំងស៊ីរី ជាមធ្យោបាយដើម្បីជួយ ដោះស្រាយវិបត្តិស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Amir Abdollahian បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ជាមួយបេសកជនពិសេសរបស់ អង្គការសហប្រជាជាតិ ដែលកំពុងបំពេញទស្សនកិច្ច នៅប្រទេសស៊ីរីលោក Geir Pedersen ថា “ដោយមិនគិតពីបញ្ហាជនភៀសខ្លួន និងការដាក់ទណ្ឌកម្មលើប្រទេសស៊ីរី (ការដោះស្រាយ) វិបត្តិនៅក្នុងប្រទេសនេះ មិនអាចដឹកនាំទៅក្នុង ទិសដៅត្រឹមត្រូវបាននោះទេ”។

លោក Amir Abdollahian បានថ្លែងអំណរគុណ ចំពោះបេសកជនពិសេស ដែលបានជួយកិច្ចសន្ទនាជាតិ សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសស៊ីរី ដោយសង្កត់ធ្ងន់លើ កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការជួយលោកឱ្យទទួលបាន ជោគជ័យក្នុងការស្តារសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសស៊ីរី។

ផ្ទាំងពាណិជ្ជកម្ម

ដោយគូសបញ្ជាក់ទស្សនៈរបស់អ៊ីរ៉ង់ លើដំណោះស្រាយនយោបាយ ចំពោះវិបត្តិស៊ីរីតាំងពី ការចាប់ផ្តើមនៃជម្លោះ លោកបានលើកឡើងថា អង្គការសហប្រជាជាតិ ត្រូវបានចាត់ទុកដោយអ៊ីរ៉ង់ថា ជាផ្នែកមួយនៃការស្វែងរក ដំណោះស្រាយនយោបាយ នៅក្នុងប្រទេសស៊ីរី។

លោកបានស្តីបន្ទោស “វត្តមានខុសច្បាប់របស់ កងកម្លាំងសហរដ្ឋអាមេរិក ក៏ដូចជាការវាយប្រហារ របស់អ៊ីស្រាអែល លើប្រទេសអារ៉ាប់ សម្រាប់ការរំខានដល់ដំណោះស្រាយ នយោបាយនៃជម្លោះនៅក្នុងប្រទេសស៊ីរី” ហើយបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ឱ្យយកចិត្តទុកដាក់ចំពោះបញ្ហានេះ ៕

ដោយ ឈូក បូរ៉ា

To Top