សេដ្ឋកិច្ច

លោក ឃាង ពុទ្ធី សង្ឃឹមថា​ ទីផ្សារ​អចលនទ្រព្យ នឹងល្អប្រសើរ​ឡើងវិញ នៅចុង​ឆ្នាំ​២០២១​នេះ បន្ទាប់ពី រាជរដ្ឋាភិបាល ធ្វើការ​ចាក់​វ៉ាក់សាំង ជូនពលរដ្ឋ​ស្ទើរគ្រប់ ចំនួន​កំណត់

ភ្នំពេញ៖ លោក ឃាង ពុទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញ​អចលនទ្រព្យ (CREA)នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី២៦ ខែសីហា ឆ្នាម២០២១ បានផ្តល់ក្តីសង្ឃឹមថា ទីផ្សារ​អចលនទ្រព្យ នឹងល្អប្រសើរ​ឡើងវិញ នៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីរាជរដ្ឋាភិបាល ធ្វើការចាក់វ៉ាក់សាំង ជូនពលរដ្ឋស្ទើរគ្រប់ ចំនួនកំណត់។

លោក ពុទ្ធី បានលើកឡើងថា​ “យើងសង្ឃឹមថា​ទីផ្សារអចលនទ្រព្យរបស់យើង នឹងល្អប្រសើរឡើងវិញនៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីរាជរដ្ឋាភិបាល ធ្វើការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋពេញវ័យ រឺគ្រប់អាយុ ត្រឹមខែកញ្ញា សឹងតែរួចរាល់​អស់ហើយ”។

លោក ក៏បានបន្ថែមផងដែរថា ប៉ុន្តែស្ថានភាព ដែលគេ​នឹកស្មាន​មិនដល់នោះ គឺមេរោគ​បំលែងខ្លួន ដែលមានស្ថានភាព​ឆ្លង​ រីករាល​ដាល​លឿនជាងមុន​ ហើយដែលធ្វើឱ្យ​មានស្ថានភាពគ្រោះថ្នាក់​ ដល់អាយុជីវិតខ្ពស់​ជាមុន ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច​ នៅលើពិភពលោក ជាពិសេស​សហរដ្ឋអាមេរិក​​ និងប្រទេសជិតខាង​ គឺថៃ និង​វៀតណាម ធ្វើការបិទខ្ទប់ប្រទេស និងមានស្ថានភាព​មិនច្បាស់​លាស់​។ ហើយ​ដោយឡែក​ ប្រទេសកម្ពុជា ក៏អីចឹង​។

អ្នកជំនាញ​អចលនទ្រព្យរូបនេះ បានកត់សម្គាល់ទៀតថា “យើង​ឃើញ​ថា​ បច្ចុប្បន្ន​នេះ​ ទីផ្សារអចលនទ្រព្យ លំនៅដ្ឋាន …អចលនទ្រព្យ​​ជាលក្ខណៈពាណិជ្ជកម្ម​ (ហាងទំនិញ, ការិយាល័យ, ហាងលក់ទំនិញ, សណ្ឋាគារ, ខុនដូ។ល។…) គឺស្ថិត​ក្នុងស្ថានភាព​មិន​ច្បាស់លាស់ យើងនៅតែ​ប្រើប្រាស់​វិធានការ​​សុខាភិបាល (៣កុំ ៣ការពារ) ចឹងទីផ្សារ​អចលនទ្រព្យ​ នៅតែប៉ះពាល់ខ្លាំង​ និងអូសបន្លាយ​បន្តទៅទៀត​ ក្នុង​ស្ថានភាព​មួយ​ស្រពិចស្រពិល ចឹង​ដរាបណា ​ប្រទេសកម្ពុជា​យើង ​ត្រូវបានថមថយ​ បញ្ហាកូវីដហ្នឹង​ ទាំងបំលែងខ្លួនថ្មី ហើយនិងប្រទេស​ជិតខាង​​ យើងដែរថា ព្រោះថា​សេដ្ឋកិច្ច​មានលក្ខណៈ​ជាប្រព័ន្ធ​ បើប្រទេសជិតខាងយើង មានបញ្ហាក៏អាចធ្វើ ​ឱ្យប្រទេស​របស់​យើង​ មានបញ្ហា​ផងដែរ​”។

លោក ពុទ្ធី ក៏បានផ្តល់ជាយោបល់ផងដែរថា ​មុន​នឹងវិនិយោគអ្វីមួយ​ ត្រូវគិត​ពី​ហានិភ័យ​ឱ្យបានច្បាស់លាស់​ តែកាលបើបង់ហើយ ​មិនមានលទ្ធភាព​ ធ្វើឱ្យមានការខាតបង់ ​។ យើង​មិនអាច​បង់បន្តបាន ដូច្នោះក្នុងស្ថានភាព​មិនច្បាស់លាស់ សូមឱ្យ​ប្រជាពលរដ្ឋ​គិតឱ្យបាន​ច្បាស់​មុននឹង​ធ្វើការវិនិយោគ​។

លោក ក៏បានសូមអំពាវនាវ ឱ្យប្រជាពលរដ្ឋ ចូលរួម​ទប់ស្កាត់​ ជំងឺកូវីដ១៩ ​ទាំងអស់គ្នា​ កាលណា​ជំងឺនេះ ឆាប់បាត់កាលណា​ នោះសេដ្ឋកិច្ច​ ពាណិជ្ជកម្ម និងទីផ្សារ​អចលនទ្រព្យ នឹងឆាប់បានវិលត្រឡប់មកល្អ​ប្រសើរឡើងវិញ៕

To Top