ស្ថានភាពជំនន់ទឹកភ្លៀង

ពីថ្ងៃ១៧-២៣វិច្ឆិកា កម្ពុជារងឥទ្ធិពលជ្រលងសម្ពាធទាប មកពីសមុទ្រចិន ធ្វើឲ្យមានភ្លៀងតិចទៅបង្គួរលាយ ឡំផ្គរ រន្ទះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៧ដល់២៣ វិច្ឆិកា កម្ពុជានឹងរងឥទ្ធិពលជ្រលងសម្ពាធទាប មកពីសមុទ្រចិនធ្វើឲ្យមានភ្លៀងពីតិចទៅបង្គួរលាយឡំ ផ្គរ រន្ទះ ។

យោងតាមសេក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃ១៦ វិច្ឆិកា បានឲ្យដឹងថា ក្នុងសប្ដាហ៍ ចាប់ពីថ្ងៃទី១៧-២៣ វិច្ឆិកា កម្ពុជាបន្តទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប មកពីសមុទ្រចិនខាងត្បូងរុញចូលមកលើតំបន់វាលទំនាបភាគខាងក្រោមប្រទេស ។ ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង(ចិន) បន្តធ្លាក់ចុះគ្របដណ្តប់លើភាគខាងលើ និងខ្ពង់រាបភាគឦសានប្រទេស ។

ក្រសួងលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០-៣២ អង្សាសេ។ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ ។ ក្នុងនោះក៏មានបណ្តាផ្នែកខ្លះនៃរាជធានី-ខត្ត នៅភាគខាងក្រោម និងខេត្តដែលមានព្រំប្រទល់ជាប់វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន ។

ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរ មាពី ២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៩-៣១អង្សាសេ អាចនឹងមានភ្លៀងធ្លាក់តិចតួច ។

ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០-៣២ អង្សាសេ អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ៕

To Top