ព័ត៌មានអន្តរជាតិ

រញ្ជួយដីចំនួន២ នៅកោះ មីនដាណាវ បណ្តាលឱ្យមនុស្សស្លាប់ ១៦នាក់ និងរបួសជាង ៤០០នាក់

ម៉ានីល៖ ការរញ្ជួយដីដ៏ខ្លាំងចំនួន ២ ដែលបានផ្ទុះឡើងនៅកោះមីនដាណាវ ប្រទេស ហ្វីលីពីន ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃសប្តាហ៍នេះបានសម្លាប់មនុស្សយ៉ាងតិច ១៦ នាក់ និងមនុស្ស ៤០៣ នាក់រងរបួស។ នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេសហ្វីលីពីន (NDRRMC )។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា NDRRMC បាននិយាយនៅក្នុងរបាយការណ៍ ស្ថានភាពរបស់ខ្លួននៅព្រឹកថ្ងៃសុក្រថា អ្នកស្លាប់និងរបួសនៅក្នុងតំបន់ ដាវៅ និង Soccsksargen បានស្លាប់ដោយសារតែការបាក់ដី ការធ្លាក់ និងការបាក់រលំកំទេចកំទី ដែលបណ្តាលមកពីការរញ្ជួយដី។ មនុស្សពីរនាក់ក៏ត្រូវបានរាយការណ៍ថា បានបាត់ខ្លួនផងដែរ។

សូមជម្រាបថា គ្រោះរញ្ជួយដីកម្រិត ៦.៦ រិកទ័រ កាលពីថ្ងៃអង្គារទី ២៩ ខែតុលា បណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់នៅតំបន់ដាវៅ និង ៧ នាក់នៅ Soccsksargen ។ នៅថ្ងៃព្រហស្បតិ៍ទី ៣១ ខែតុលាការរញ្ជួយដីមានកម្រិត ៦.៥ រ៉ិចទ័រ មួយទៀត បានកើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់ ៦ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top