ព័ត៌មានអន្តរជាតិ

សហភាពអារ៉ាប់រួម អំពាវនាវឲ្យអ៊ីរ៉ង់ ពិភាក្សាជាមួយមហាអំណាចពិភពលោក និងប្រទេសក្នុងតំបន់

បរទេស៖ មន្ត្រីជាន់ខ្ពស់សហភាពអារ៉ាប់រួមមួយរូប នៅពេលថ្មីៗនេះ បាននិយាយថា ប្រទេសអ៊ីរ៉ង់គួរតែបែរទៅរកតុចរចាគ្នា ជាមួយមហាអំណាចពិភពលោក និងបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រ ដើម្បីស្វែងរកដំណោះស្រាយថ្មី ដែលនឹងធ្វើឲ្យចុះថយភាពតានតឹងក្នុងតំបន់ និងធ្វើឲ្យប្រសើរឡើងវិញ នូវសេដ្ឋកិច្ចរបស់ខ្លួន។ 

នៅក្នុងសុន្ទរកថាមួយ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអារ៉ាប់រួម លោក Anwar Gargash បាននិយាយយ៉ាងដូច្នេះថា “ភាពតានតឹងកាន់តែខ្លាំងនៅត្រង់ចំណុចនេះ មិនផ្តល់ប្រយោជន៍ឲ្យអ្នកណាម្នាក់ទេ ហើយយើងជឿជាក់យ៉ាងមុតមាំថា មានកន្លែងសម្រាប់ឲ្យកិច្ចការការទូតរួមគ្នា ទទួលបានជោគជ័យ”។ 

គួរបញ្ជាក់ថា ភាពតានតឹងនៅតំបន់ឈូងសមុទ្រ បានកើនឡើងខ្លាំង ចាប់តាំងពីមានការវាយប្រហារទៅលើនាវាដឹកប្រេង នៅតាមច្រកផ្លូវដឹកទំនិញដ៏សំខាន់របស់ពិភពលោក ដែលរួមមានទាំងនៅក្បែរតំបន់ឆ្នេរសហភាពអារ៉ាប់រួម និងការវាយប្រហារដ៏ខ្លាងក្លាទៅលើទីតាំងថាមពលនានា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕

To Top