បរទេស ៖ ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមជាផ្លូវការ នូវដំណើរសាងសង់លើ រ៉េអាក់ទ័រទីពីរមួយ នៅទីតាំងរោងចក្រថាមពល Bushehr របស់ខ្លួន នេះបើយោង តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Ali Akbar Salehi ជាប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ បានមានប្រសាសន៍ថា នៅពេលដាក់ដំណើរការពេញលេញ នៅក្នុងឆ្នាំ២០២៧នោះ រោងចក្រនេះ នឹងផលិតថាមពលនុយក្លេអ៊ែ៣.០០០មេកាវ៉ាត់ ជួយសន្សំសំចៃប្រាក់ប្រហែល៦០០លានដុល្លារ នៅក្នុងការចំណាយលើថាមពលប្រចាំឆ្នាំ។
លោកប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់នោះ បានថ្លែងយ៉ាងដូច្នេះថា “រោងចក្រថាមពល Bushehr នឹងមានសុវត្ថិភាពនិងសន្តិសុខ ហើយកងកម្លាំងប្រដាប់អាវុធបានធានាសន្តិសុខរបស់វា។ សុវត្ថិភាពរបស់វា ត្រូវបានឃ្លាំមើលដោយអង្គការអន្តរជាតិ ដែលតែងពិនិត្យមើលបញ្ហាសុវត្ថិភាពរោងចក្រថាមពល និងផ្តល់អនុសាសន៍ចាំបាច់ដល់យើង”៕
ប្រែសម្រួល៖ប៉ាង កុង
