ព័ត៌មានអន្តរជាតិ

អតីតមន្រ្តីចិនពន្យល់ថា ហេតុអ្វីបានជាក្រុងប៉េកាំង ចង់ឱ្យលោក ត្រាំ ជាប់ឆ្នោតនៅឆ្នាំ២០២០ទៀត

បរទេស៖ ភាពតានតឹងទាក់ទងនឹង ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ប្រទេសចិន បានចាប់ផ្តើម នៅដើមឆ្នាំ ២០១៨ លើអ្វីដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាត់ទុកថា ជាតុល្យភាពសេដ្ឋកិច្ចអយុត្តិធម៌និងការអនុវត្តពាណិជ្ជកម្មដែលមិនមានលក្ខណៈប្រកួតប្រជែង។ បច្ចុប្បន្ន សហរដ្ឋអាមេរិកបានដាក់ពន្ធលើទំនិញចិនដែលមានតម្លៃ ៥៥០ ពាន់លានដុល្លារ ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងវិញ ក៏បានធ្វើដូចគ្នាទៅលើផលិតផលអាមេរិកចំនួន ១៨៥ ពាន់លានដុល្លារផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោកឡុង យ៉ុងទូ អតីតអនុរដ្ឋមន្រ្តីពាណិជ្ជកម្មក្រៅប្រទេសចិន និងជាអ្នកចរចាក្នុងកិច្ចពិភាក្សា រយៈពេល ១៥ ឆ្នាំរបស់ប្រទេសចិន ដើម្បីចូលទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយនៅក្នុងសន្និសីទវិនិយោគចិន Credit Suisse ថា ប្រទេសចិននឹងស្វាគមន៍ការជាប់ឆ្នោតជាថ្មីទៀតរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ។ នេះបើយោងតាមកាសែត South China Morning Post (SCMP) ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត South China Morning Post លោកឡុងថា «លោក ត្រាំ និយាយអំពីផលប្រយោជន៍ខាងសម្ភារៈមិនមែននយោបាយទេ។ គូប្រជែងបែបនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការចរចា»។

អតីតមន្ត្រីក្រុងប៉េកាំងរូបនេះបានបញ្ជាក់ថា លោក ត្រាំ គឺជាមនុស្សស្រួលនិយាយ មិនដូចអ្នកកាន់តំណែងមុនរបស់លោកទេ។ លោក ដូណាល់ ត្រាំ មិនស្វែងរកការប្រយុទ្ធជាមួយចិនជុំវិញបញ្ហាភូមិសាស្ត្រនយោបាយក្តៅ ដូចជាហុងកុង ឬកោះតៃវ៉ាន់ ដែលជាចំណុចកណ្តាលនៃទីក្រុងប៉េកាំងនោះទេ។

លោកបន្ថែមថា «លោកធ្វើឱ្យការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកមានប្រសិទ្ធភាព និងតម្លាភាព ពីព្រោះលោកមានមូលដ្ឋាននិយាយ យើងមិនចាំបាច់ចំណាយពេលច្រើនដើម្បីរកមើលថាតើជនជាតិអាមេរិកចង់បានអ្វីទៀតទេ ឬស្វែងរកគំនិតពិតពីគ្នាទៅវិញទៅមក នៅក្នុងភាពងងឹត »។

ការអត្ថាធិប្បាយស្តីពីសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោកនេះ អតីតប្រេសិតពាណិជ្ជកម្មរូបនេះ បន្ថែមថា វាជា“ ផ្នែកមួយនៃយុទ្ធសាស្ត្រគាំពារពិភពលោករបស់ លោក ត្រាំ” ។ លោកឡុងបានកត់សម្គាល់ថា វាជាសេតវិមានរបស់លោក ត្រាំ ដែលបានដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាអន្តរជាតិសំខាន់ៗដូចជាភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ខណៈពេលដែលមានការដាក់ពន្ធលើដៃគូពាណិជ្ជកម្មពីសំណាក់សហភាពអឺរ៉ុប ក៏ដូចជាកាណាដានិងប្រទេសម៉ិកស៊ិក៕ ប្រែសម្រួលៈ ណៃ តុលា

https://sputniknews.com/us/201911111077274748-easy-to-read-ex-chinese-official-explains-why-beijing-wants-trump-in-2020/
To Top