ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន SoftBank កំពុងពិចារណាការភ្ជាប់ទំនាក់ទំនង ជាមួយកម្មវិធីផ្ញើសារ Line

តូក្យូ៖ ប្រភពដែលស្និទ្ធនឹងបញ្ហានេះ បាននិយាយថា ក្រុមហ៊ុន SoftBank Corp កំពុងតែពិចារណា លើការតភ្ជាប់ទំនាក់ទំនង យ៉ាងទូលំទូលាយ ជាមួយអ្នកផ្តល់សេវាផ្ញើសារ Line Corp ជាមួយនឹងការពិភាក្សារបស់ពួកគេ រួមទាំងការទិញយកដែលអាចធ្វើទៅបាន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ប្រភពបាននិយាយថា ក្រុមហ៊ុន SoftBank កំពុងតែសម្លឹងបង្កើតសម្ព័ន្ធភាព ជាមួយក្រុមហ៊ុន Line តាមរយៈក្រុមហ៊ុនរបស់ខ្លួន គឺក្រុមហ៊ុន Z Holdings Corp និងអាចបញ្ចូលវា ជាមួយក្រុមហ៊ុន Line មានមូលធននីយកម្មទីផ្សារ ប្រហែល ១,១ ពាន់ពាន់លានយ៉េន (១០ ពាន់លានដុល្លារ) ដោយទិញភាគហ៊ុន ពីក្រុមហ៊ុនអ៊ីនធើណេត របស់កូរ៉េខាងត្បូង គឺក្រុមហ៊ុន Naver Corp ។

ក្រុមហ៊ុន SoftBank គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ សេវាទូរស័ព្ទចល័ត របស់ក្រុមហ៊ុន SoftBank Group Corp ចំណែកក្រុមហ៊ុន Z Holdings គឺជាមេរបស់ប្រតិបត្តិករវិបសាយផតថល Yahoo Japan Corp។ ក្រុម SoftBank មានគោលបំណង ពង្រឹងអាជីវកម្មផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើណេតរបស់ខ្លួន ដោយទទួលបានទិន្នន័យអតិថិជន ពីអ្នកប្រើប្រាស់ជាង ៨០ លាននាក់ នៃកម្មវិធីផ្ញើសាររបស់លីង និងទទួលបានជំនាញ និងបច្ចេកវិជ្ជាទីផ្សារអនឡាញ។

ក្រុមហ៊ុន SoftBank សង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងមួយ នៅចុងខែនេះ។ ក្រុមហ៊ុន Line បានប្រកាស ពីការខាតបង់សុទ្ធចំនួន ៣៣,៩ ពាន់លានយ៉េនក្នុងរយៈពេល ៩ ខែគិតត្រឹមខែកញ្ញា ដោយសារចំណាយ លើការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់។ ក្រុមហ៊ុន SoftBank មានភាគហ៊ុនភាគច្រើន នៅក្នុងអាជីវកម្មទូរស័ព្ទ៕ ដោយ៖លី ភីលីព

To Top