ព័ត៌មានអន្តរជាតិ

ហុងកុង៖ បុរសចំណាស់អាយុ ៧០ឆ្នាំម្នាក់ ស្លាប់ អំឡុងពេលប៉ះទង្គិចគ្នា

មូស្គូ៖ មន្ទីរពេទ្យក្នុងតំបន់បានបញ្ជាក់ថា បុរសអាយុ ៧០ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីបានរងរបួស ក្នុងការប៉ះទង្គិចគ្នា រវាងអ្នកគាំទ្ររដ្ឋាភិបាល និងក្រុមអ្នកតវ៉ាប្រឆាំង រដ្ឋាភិបាល នៅតំបន់ Sheung Shui នៅហុងកុង ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ។

នៅថ្ងៃព្រហស្បតិ៍នេះ ទូរទស្សន៍ RTHK បានរាយការណ៍ថា បុរសម្នាក់ដែលធ្វើការ ជាអ្នកបោសសំអាត នៅនាយកដ្ឋានអនាម័យ ចំណីអាហារ និងបរិស្ថាន តាមរយៈក្រុមហ៊ុនខាងក្រៅ ត្រូវបានគេវាយចំក្បាលនឹងដុំឥដ្ឋ ។

អ្នកនាំពាក្យមន្ទីរពេទ្យ Prince of Wales នៅតំបន់ Sha Tin បាននិយាយថា «ស្ថានភាពអ្នកជម្ងឺកាន់តែយ៉ាប់យ៉ឺនទៅ ៗ ហើយ គាត់បានទទួលមរណភាពហើយ»។ យោងតាមការផ្សាយ របស់នាយកដ្ឋានអនាម័យ ចំណីអាហារ និងបរិស្ថានបាននិយាយថា គេសង្ស័យថា បុរសនោះត្រូវបានវាយប្រហារ ដោយក្រុមកុបកម្មបិទម៉ាស់មុខ។ នាយកដ្ឋានក៏បានកត់សម្គាល់ផងដែរថា អាជ្ញាធរនឹងគាំទ្រ ដល់គ្រួសាររបស់គាត់។

ភាពតានតឹងនៅក្នុងទីក្រុងហុងកុង បានកើនឡើងកាលពីដើមសប្តាហ៍នេះ នៅពេលដែលប៉ូលីស បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹក ដើម្បីបំបែកក្រុមអ្នកតវ៉ា។ ជាការឆ្លើយតបក្រុមបាតុករបានគប់ដុំដប និងថ្ម ហើយបានបិទផ្លូវនៅតំបន់នោះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top