ព័ត៌មានអន្តរជាតិ

វៀតណាម ដាក់បម្រាម មិនឱ្យបង្ហោះដ្រូន ចម្ងាយ ៨គីឡូម៉ែត្រ ជុំវិញព្រលានយន្តហោះ

ហាណូយ៖ នាយករដ្ឋមន្រ្តី វៀតណាម លោក ង្វៀន ស៊ុនហ្វុក បានបញ្ជូនសំណើ បន្ទាន់ពិសេសមួយ ដោយស្នើសុំឱ្យក្រសួង និង ទីភ្នាក់ងារពាក់ព័ន្ធនានា ពង្រឹងការគ្រប់គ្រង លើយានអវកាស គ្មានមនុស្សបើក (UAV) ឬ ដ្រូន ដែលត្រូវបានគេស្គាល់ថា ជាយន្តហោះគ្មានមនុស្ស បើកដើម្បីធានាសុវត្ថិភាព ចរាចរណ៍ផ្លូវអាកាស។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ការបញ្ជូនជាបន្ទាន់នេះ ត្រូវបានចេញបន្ទាប់ពី ឧប្បត្តិហេតុថ្មីៗចំនួន ២ ដែលក្នុងនោះ បានធ្វើឱ្យយន្ដហោះខូចខាតផ្នែកខាងមុខ ដែលការខូចខាតនេះ មើលទៅវាហាក់ ដូចជាមិនត្រូវបានវាយ ប្រហារដោយបក្សីនោះទេ ។

ការបញ្ជូនបន្ទាន់ របស់នាយករដ្ឋមន្ត្រី គឺបានហាមឃាត់ជាបណ្តោះអាសន្ន នូវប្រតិបត្តិការ របស់ដ្រូនក្នុងចម្ងាយ ៨ គីឡូម៉ែត្រជុំវិញអាកាសយានដ្ឋាន។

លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យក្រសួង ដឹកជញ្ជូន បង្គាប់ឱកុសហគ្រាសអាកាសចរណ៍ ជាពិសេសអាជ្ញាធរ អាកាសយានដ្ឋាន និងសាជីវកម្មគ្រប់គ្រង ចរាចរណ៍ផ្លូវអាកាសវៀតណាម ដើម្បីបង្កើតដំណោះស្រាយនិងផែនការ គ្រប់គ្រងដែនអាកាស ជុំវិញព្រលានយន្តហោះ និងដោះស្រាយឧប្បត្តិហេតុនានា ដែលពាក់ព័ន្ធនឹងនាវា ដ្រូន ។

លើសពីនេះ ក្រសួងដឹកជញ្ជូន នឹងសហការជាមួយក្រសួង ការពារជាតិ និងទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញ នូវឯកសារច្បាប់ ស្តីពីការគ្រប់គ្រង ការត្រួតពិនិត្យ និងការដោះស្រាយការរំលោភបំពាននា នាដែលទាក់ទងនឹងយន្តហោះគ្មានមនុស្សបើក៕

ប្រែសម្រួលៈ ណៃ តុលា

To Top