ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងនិយាយថា គ្មានការពិភាក្សាគ្នា ថែមទៀតជាមួយអាមេរិកទេ

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថា ខ្លួនគ្មានចំណាប់អារម្មណ៍ ក្នុងកិច្ចពិភាក្សាគ្មានន័យជាមួយសហរដ្ឋអាមេរិកទេ ព្រមទាំងបានទាមទារឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់នូវអ្វីដែលខ្លួនហៅថា ជាគោលនយោបាយប្រកបដោយអរិភាព ប្រសិនបើអាមេរិកចង់ធ្វើកិច្ចពិភាក្សាគ្នា។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA លោក Kim Kye Gwan ជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បាននិយាយថា លោកបានឃើញសារធ្វីតធើរបស់លោក ត្រាំ ប៉ុន្តែមានតិចតួចប៉ុណ្ណោះដែលប្រសើរឡើង បើទោះជាមានជំនួបគ្មានចំនួន៣ដង រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីខែមិថុនា ឆ្នាំមិញមក។ 

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ធ្វើឡើងដោយលោក Kim Kye Gwan ជាអតីតអនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើងមួយរូបនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានស្នើឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើសកម្មភាពឲ្យបានលឿន និងបង្ហើបពីកិច្ចជំនួបគ្មានមួយផ្សេងទៀត៕

ប្រែសម្រួល៖ ប៉ាង កុង 

To Top