ព័ត៌មានអន្តរជាតិ

អាមេរិក គម្រាមដាក់ទណ្ឌកម្ម លើមន្ត្រីអ៊ីរ៉ាក់ ជុំវិញការ ស្លាប់អ្នកតវ៉ា

បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនដាក់ទណ្ឌកម្ម លើមន្ត្រីអ៊ីរ៉ាក់មួយផ្សេងទៀត ដែលរកឃើញថាប្រព្រឹត្តអំពើពុករលួយ ក៏ដូចជាអ្នកដែលត្រូវទទួលខុសត្រូវ ចំពោះការស្លាប់និង របួសរបស់អ្នកតវ៉ាដោយសនិ្តវិធី។

លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្រសួងការបរទេសយ៉ាងដូច្នេះថា “យើងនឹងមិនឈរឱបដៃមើល ស្របពេលដែលមន្ត្រីពុករលួយ ធ្វើឲ្យប្រជាពលរដ្ឋអ៊ីរ៉ាក់រងទុក្ខវេទនានោះទេ ហើយអាមេរិកនឹងប្រើប្រាស់សិទ្ធិ ស្របច្បាប់របស់យើង ដាក់ទណ្ឌម្មបុគ្គលពុករលួយ ដែលកំពុងតែលួចយកទ្រព្យសម្បត្តិពលរដ្ឋអ៊ីរ៉ាក់ និងអ្នកដែលសម្លាប់ និងធ្វើឲ្យអ្នកតវ៉ាដោយសន្តិវិធីរងរបួស” ។

គួរបញ្ជាក់ថា យ៉ាងហោចណាស់ មានមនុស្សចំនួន៣១៥នាក់ បានស្លាប់បាត់បង់ជីវិត ចាប់តាំងពីការចាប់ផ្តើមនៃភាពចលាចលដ៏ធំ នៅក្នុងទីក្រុងបាដាដ និងនៅប្រទេសអ៊ីរ៉ាក់ភាគខាងត្បូង កាលពីដើមខែតុលា ដែលនោះ គឺជាបាតុកម្មដ៏ធំបំផុត ចាប់តាំងពីលោក សាដាម ហ៊ុសសេន ត្រូវបានផ្តួលរំលំ ក្នុងឆ្នាំ២០០៣មក៕
ប្រែសម្រួល៖ប៉ាងកុង

To Top