ព័ត៌មានអន្តរជាតិ

UN៖ ពលរដ្ឋអាហ្វហ្គានីស្ថាន ប្រមាណជាង១០លាន នាក់រងគ្រោះដោយសារ ខ្វះស្បៀងអាហារ

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា របាយការណ៍ស្តីអំពី សុវត្ថិភាពចំណីហារនៃ អង្គការសហប្រជាជាតិ (UN)បានឲ្យដឹងកាលពីថ្ងៃចន្ទថា ពលរដ្ឋប្រមាណ១០,២៣លាន នាក់នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន បានរងគ្រោះ “អសន្តិសុខស្បៀង” និងប្រមាណ១/៣ នៃពលរដ្ឋអាហ្វហ្គានី ស្ថានត្រូវការជាចាំបាច់នូវជំនួយមនុស្សធម៌ បន្ទាន់គិតចាប់តាំង ពីខែសីហាមកដល់ខែតុលា ។

ទីភ្នាក់ងារចម្រុះរបស់អង្គការ សហប្រជាជាតិ និងដៃគូផ្សេងៗ ទៀត បានបែងចែកចំណាត់ថ្នាក់នៃភាព អសន្តិសុខ ស្បៀងជា៥ដំណាក់កាល ដោយដំណាក់កាល ដំបូងនោះ គឺជាដំណាក់កាលនៃ អ្នកគ្មានស្បៀង ហូបគ្រប់គ្រាន់ ឬមានតិចតួច ដល់ដំណាក់កាលទី៥ គឺជាដំណាក់កាលដាច់បាយ ពោលគឺគ្មាន អាហារហូប ចុកតែម្តង ។

របាយការណ៍ចុងក្រោយ បានបញ្ជាក់ថា ពលរដ្ឋអាហ្វហ្គានីស្ថានប្រមាណ ២,៤៤លាននាក់ ត្រូវបានគេជឿជាក់ថា ស្ថិតក្នុងស្ថានភាពក្នុងគ្រា មានអាសន្ន ឬហៅថាដំណាក់កាលទី៤ និង៧,៧៩លាននាក់ ស្ថិតក្នុងដំណាក់កាលទី៣ ឬហៅថា ស្ថានភាពដែលប្រឈមមុខនឹងវិបត្តិស្បៀង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top