ព័ត៌មានអន្តរជាតិ

យោធា៖ អ៊ីស្រាអ៊ែល បាញ់ទម្លាក់គ្រាប់រ៉ុក្កែតចំនួន ៤គ្រាប់ ដែលបាញ់ចេញពីទឹកដីស៊ីរី

យ៉េរូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា យោធាអ៊ីស្រាអ៊ែលបាននិយាយថា ប្រព័ន្ធប្រឆាំងនឹងគ្រាប់មីស៊ីល បានកម្ទេចគ្រាប់រ៉ុក្កែតចំនួន៤គ្រាប់ដែលបាន បាញ់ចេញពីទឹកដីស៊ីរី ឆ្ពោះមកត្រង់សំដៅមកភាគខាងជើងអ៊ីស្រាអ៊ែល កាលពីព្រឹកថ្ងៃអង្គារនេះ ។

ឧបករណ៍ស្ទាក់ចាប់បានបន្លឺសំឡេង ឡើងនៅក្នុងសហគមន៍មួយចំនួន ដែលស្ថិតក្រោមការគ្រប់គ្រង ដោយអ៊ីស្រាអ៊ែល នៅតំបន់ Golan Heights ។

អ្នកនាំពាក្យយោធាអ៊ីស្រាអ៊ែល មួយរូបបាននិយាយឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្រាប់ដែលបាន បាញ់មកចំនួន៤គ្រាប់ ត្រូវបានកំណត់អត្តសញ្ញាណថា មកពីទឹកដីស៊ីរី ឆ្ពោះមកដែនដីអ៊ីស្រាអ៊ែល ដែលត្រូវ បានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ីស្រាអ៊ែល”  ។ “មិនមានការប៉ះទង្គិចណាមួយ មកលើសហគមន៍នានារបស់អ៊ីស្រាអ៊ែល ត្រូវបានបញ្ជាក់ឲ្យដឹងនោះទេ” ។

មិនទាន់មានអង្គការណាមួយ ដែលអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយ គ្រាប់រ៉ុក្កែតនេះនៅឡើយទេ ៕

ប្រែសម្រួលដោយៈ ម៉ៅ បុប្ផាមករា

To Top