ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក ចេញបណ្ណធានារ៉ាប់រង នូវទឺកប្រាក់២២៥លានដុល្លារ ជួយដល់គ្រោះមហន្តរាយនៅហ្វីលីពីន

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ធនាគារពិភពលោក (WB) បាននិយាយនៅថ្ងៃច័ន្ទនេះថា ខ្លួនបានចេញប័ណ្ណធានារ៉ាប់រងទាក់ទងនឹង គ្រោះមហន្តរាយចំនួន ២ក្នុងគោលបំណងដើម្បីផ្តល់ឱ្យប្រទេសហ្វីលីពីននូវការការពារ ផ្នែកហិរញ្ញវត្ថុរហូតដល់ ទៅ៧៥ លានដុល្លារសម្រាប់ការខាតបង់ពីគ្រោះរញ្ជួយដី និងទឹកប្រាក់១៥០ លានដុល្លារប្រឆាំងនឹងការខាតបង់ដោយសារព្យុះស៊ីក្លូនក្នុងរយៈពេល៣ឆ្នាំមកនេះ ។

ធនាគារពិភពលោក បាននិយាយថា ប័ណ្ណនេះត្រូវបានចេញ ឲ្យក្រោមកម្មវិធីកំណត់ចំណាំមូលធនរបស់ធនាគារ អន្តរជាតិសម្រាប់ការស្តារឡើងវិញ និងអភិវឌ្ឍន៍ ឬហៅថា IBRDs ដែលអាចត្រូវបានប្រើដើម្បី ផ្ទេរហានិភ័យទាក់ទង នឹងគ្រោះមហន្តរាយធម្មជាតិ និងហានិភ័យផ្សេងទៀតពី ប្រទេសកំពុងអភិវឌ្ឍន៍ទៅទីផ្សារមូលធន ។

សេចក្តីថ្លែងការណ៍បាននិយាយថា ការទូទាត់ប្រាក់នឹងកើតឡើងនៅពេលមានការរញ្ជួយដី ឬព្យុះស៊ីក្លូនត្រូពិក ដោយបំពេញតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ជាមុនក្រោមលក្ខខណ្ឌនៃកិច្ចសន្យា ។

ធនាគារពិភពលោកបានឲ្យដឹងថា ហ្វីលីពីនស្ថិតក្នុងចំណោម ប្រទេសដែលងាយរងគ្រោះថ្នាក់បំផុតនៅលើពិភពលោក ។ នៅក្នុងឆ្នាំ២០១៣ ព្យុះទីហ្វុង ហៃយ៉ាន បានបណ្តាលឱ្យបាត់បង់ជីវិត៦.៣០០ នាក់ និងបណ្តាលឱ្យខូចខាតទឹកប្រាក់អស់ប្រមាណ ១២,៩ពាន់លានដុល្លារ អាមេរិក ឬប្រហែល៤,៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ហ្វីលីពីន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top