សេអ៊ូល៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅសហរដ្ឋអាមេរិក បានសម្តែងក្តីសង្ឃឹមថា ការសម្រេចចិត្ត របស់ក្រុងសេអ៊ូល ក្នុងការពង្រីក កិច្ចព្រមព្រៀងចែករំលែកព័ត៌មាន យោធាជាមួយប្រទេសជប៉ុន នឹងជួយពង្រឹងចំណង មិត្តភាពរបស់ខ្លួន ជាមួយទីក្រុងវ៉ាស៊ីនតោន ។
ឯកអគ្គរដ្ឋទូតលោក Lee Soo-hyuck បាននិយាយសំដៅទៅលើការ សម្រេចចិត្តរបស់ក្រុងសេអ៊ូល កាលពីសប្តាហ៍មុន ដើម្បីពន្យារពេលបញ្ចប់ កិច្ចព្រមព្រៀងសន្តិសុខ ព័ត៌មានយោធាទូទៅ បន្ទាប់ពីមានឆន្ទៈរបស់ទីក្រុងតូក្យូ ក្នុងការធ្វើកិច្ចចរចា កម្រិតការងារលើវិធានការណ៍ ត្រួតពិនិត្យការនាំចេញ របស់ប្រទេសនីមួយៗ។
ទីក្រុងវ៉ាស៊ីនតោន បានដាក់សម្ពាធសម្ព័ន្ធមិត្តរបស់ខ្លួនទាំងពីរ ដើម្បីជួយកតិកាសញ្ញានេះ ក្នុងផលប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការត្រីភាគីប្រឆាំង នឹងការគំរាមកំហែងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង និងការកើនឡើងនៃយោធារបស់ចិន ដោយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួងការបរទេសបានស្វាគមន៍ ចំពោះការផ្លាស់ប្តូរ របស់ទីក្រុងសេអ៊ូល៕
ដោយ ឈូក បូរ៉ា