ប៉ាតាយ៉ា៖ ក្រុមចោរបានតម្រង់គោលដៅ ទៅលើប្តីប្រពន្ធជនជាតិរុស្សី ដែលកំពុងដើរជាមួយកូនតូចម្នាក់ ហើយបានឆក់យកកាបូប ស្ពាយនឹងស្មារគិតជាប្រាក់ប្រហែល ៣០,០០០ បាត និងរបស់មានតម្លៃមួយចំនួនទៀត កាលពីពាក់កណ្តាលអធ្រាត្រ នៅព្រឹកថ្ងៃអង្គារនេះ។
យោងតាមសារព័ត៌មាន Bankok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា នាង Burika Irima អាយុ ៣៩ ឆ្នាំបានប្រាប់ប៉ូលីសតាមរយៈអ្នកបកប្រែម្នាក់ថា នាងនិងប្តី រួមទាំងកូន ប្រុសអាយុ ៥ ឆ្នាំ ត្រូវបានគេប្លន់ប្រហែលម៉ោង ១២ និង ១០ នាទីព្រឹក ខណៈពេលដែលកំពុងដើរត្រឡប់ ទៅសណ្ឋាគារនៅក្នុងស្រុក Bang Lamung ។
មនុស្សពីរនាក់ជិះម៉ូតូ មកជិតពួកគេ ហើយម្នាក់ចាប់បាន កាបូបស្ពាយនឹងស្មារបស់នាងហើយបានបន្ថែមល្បឿន ជិះគេចខ្លួន។
កាបូបនោះមានលុយ ៤០០០ បាត និងលុយដុល្លារ ១០០ ដុល្លារ ព្រមទាំងទូរស័ព្ទអាយហ្វូនមួយគ្រឿង ដែលមានតម្លៃប្រហែល ២៥០០០ បាត។
សូមជម្រាបថា កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា មានប្តីប្រពន្ធជនជាតិរុស្សីមួយគូ បានដើរលេងពេលយប់ជាមួយកូនស្រីអាយុ ៣ ឆ្នាំរបស់ពួកគេ ហើយក៏ត្រូវចោរឆក់ យកខ្សែកពីស្រ្តីជាប្រពន្ធ ចំនួន២ខ្សែ ដែលមានតម្លៃប្រហែល ៥៥.៥០០ បាត៕ ប្រែសម្រួលៈ ណៃ តុលា