ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រាប់លោក ដូណាល់ ត្រាំ ថាខ្លួនគ្មានអ្វីបាត់បង់ទេ

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានព្រមានសហរដ្ឋអាមេរិកថា ខ្លួនគ្មានអ្វីត្រូវបាត់បង់នោះទេ ក្រោយពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយ នៅលើបណ្ដាញសង្គមធ្វីតធើ។

កាលពីព្រឹកថ្ងៃអាទិត្យ ក្រោយមានសេចក្តីរាយការណ៍ថា ប្រទេសកូរ៉េខាងជើង ទើបធ្វើការតេស្តសាកល្បងដ៏មានសារៈសំខាន់មួយ នៅស្ថានីយបាញ់បង្ហោះ ផ្កាយរណប Sohae លោក ត្រាំ បានលើកឡើងនៅក្នុងសារធ្វីតធើមួយថា មេដឹកនាំកូរ៉េខាងជើង គួរតែប្រុងប្រយ័ត្នចំពោះជំហានបន្ទាប់។

លោក គីម យុងឈុល ជាមន្ត្រីចរចាជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងជើង ដែលបានជួបជាមួយលោក ត្រាំ នៅសេតវិមាន និងត្រូវបានគេស្គាល់ថា ជាប្រធានគណៈកម្មាធិការ សន្តិភាពអាសីប៉ាស៊ីហ្វិកនោះ បានលើកឡើងថា លោក ត្រាំ ខ្វះការយល់ដឹងអំពីបញ្ហា។

មន្ត្រីចរចាជាន់ខ្ពស់កូរ៉េខាងជើងរូបនេះ តាមសេចក្តីរាយការណ៍ បានថ្លែងយ៉ាងដូច្នេះថា “លោក ត្រាំ ដឹងតិចតួចណាស់ អំពីប្រទេសកូរ៉េខាងជើង ហើយយើងគឺជាអ្នកដែលគ្មានអ្វីបាត់បង់នោះទេ នៅក្នុងពេលបច្ចុប្បន្ននេះ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top