ព័ត៌មានអន្តរជាតិ

លោក ត្រាំ នឹងជួបជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងជួបជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងអំឡុងកិច្ចពិភាក្សាគ្នា នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃអង្គារស្អែកនេះ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Interfax។

នៅមុននេះ ក្រសួងការបរទេសរុស្ស៊ី បាននិយាយប្រាប់ថា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo ប៉ុន្តែមិនបានលើកឡើង ពីកិច្ចជួបពិភាក្សាជាមួយលោក ត្រាំ នោះទេ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត Radio Free Europe ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងពិភាក្សាគ្នា អំពីបញ្ហាអ៊ុយក្រែន ស៊ីរី សន្ធិសញ្ញាគ្រប់គ្រងអាវុធ និងបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធទៅនឹងចំណងមិត្តភាព ដ៏តានតឹងបច្ចុប្បន្ន របស់អាមេរិកនិងរុស្ស៊ី។

គួរបញ្ជាក់ថា ចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសរុស្ស៊ី មានការធ្លាក់ចុះ នៅពេលក្រោយសង្គ្រាមត្រជាក់៕ ប្រែសម្រួល៖ប៉ាង កុង

To Top