វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo បានលើកឡើងថា សហរដ្ឋអាមេរិកសង្ឃឹមថា កូរ៉េខាងជើងនឹងបន្តចៀសវាង ការសាកល្បងនុយក្លេអ៊ែរ និងការបាញ់សាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយរបស់ខ្លួន បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា ខ្លួនបានធ្វើការសាកល្បង “សំខាន់ណាស់” កាលពីចុងសប្តាហ៍។
កូរ៉េខាងជើង បានឲ្យដឹងថា ការសាកល្បងនេះបានកើតឡើង នៅឯកន្លែងបាញ់បង្ហោះផ្កាយរណបដុងឆាងរី របស់ខ្លួនកាលពីថ្ងៃសៅរ៍ ដោយបង្កើនភាពតានតឹង នៅមុនថ្ងៃផុតកំណត់ចុងឆ្នាំ ដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដាក់សម្រាប់សហរដ្ឋអាមេរិក ដើម្បីបង្ហាញភាពបត់បែន ក្នុងការចរចាររបស់ពួកគេ ស្តីពីការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង ។
លោក Pompeo បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅឯក្រសួងការបរទេសថា “លោកគីម ផ្ទាល់បានប្តេជ្ញាបដិសេធ នុយក្លេអ៊ែរដោយនិយាយថា នឹងមិនមានការធ្វើតេស្ត មីស៊ីលរយៈចម្ងាយឆ្ងាយ និងការធ្វើតេស្តនុយក្លេអ៊ែរទេ” ៕
ដោយ ឈូក បូរ៉ា