ព័ត៌មានអន្តរជាតិ

មន្ត្រីឃ្លាំមើល​ របស់មន្ទីរបញ្ចកោណ វាយតម្លៃបេសកកម្ម កងទ័ពនៅតាមព្រំដែន អាមេរិក-ម៉ិកស៊ិក

បរទេស ៖ អគ្គធិការ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបើកធ្វើការវាយតម្លៃ ចំពោះការ ប្រើប្រាស់បុគ្គលិក យោធារបស់លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នៅតាមបណ្ដោយព្រំដែន សហរដ្ឋអាមេរិក-ម៉ិកស៊ិក។

អគ្គធិការស្តីទីរបស់ក្រសួងការពារជាតិអាមេរិក លោក Glenn Fine នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជូនកំណត់ហេតុមួយ ទៅឲ្យថ្នាក់ដឹកនាំយោធាកំពូលៗ និងបានបង្ហាញថា ការត្រួតពិនិត្យឡើងវិញនេះ នឹងរួមបញ្ចូលទាំងការវាយតម្លៃ អំពីភាពស្របច្បាប់ នៃការដាក់ពង្រាយបុគ្គលិកយោធា ដែលបានចាប់ផ្តើមធ្វើឡើង នៅចុងឆ្នាំ២០១៨ ក្រោមបទបញ្ជាពីលោក ត្រាំ ជួយដល់គយនិង កិច្ចការពារព្រំដែន ក្នុងដំណើរទប់ស្កាត់ អន្តោប្រវេសន៍ខុសច្បាប់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែង ការណ៍មួយ លោក Glenn Fine បានមានប្រសាសន៍ថា ការត្រួតពិនិត្យឡើងវិញ កំពុងតែត្រូវបានធ្វើឡើង ដោយផ្អែកលើសំណើជាច្រើន ដែលដាក់មកការិយាល័យរបស់លោក ៕
ប្រែសម្រួល៖ប៉ាង កុង

To Top