ព័ត៌មានអន្តរជាតិ

ក្តៅៗ! អាមេរិក អំពាវនាវឲ្យចិន កុំលូកដៃចូលក្នុងរឿងផ្ទៃក្នុង នៃដំណើរការបោះឆ្នោត នៅកោះតៃវ៉ាន់

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សហរដ្ឋអាមេរិក បានជំរុញប្រទេសចិន កុំជ្រៀតជ្រែក ក្នុងការបោះឆ្នោតនៅខែក្រោយ នៅកោះតៃវ៉ាន់ ដែលប្រធានាធិបតី Tsai Ing-wen ដែលជាអ្នករិះគន់ក្រុងប៉េកាំង កំពុងស្វែងរកអាណត្តិថ្មី ។

លោក David Stilwell អ្នកការទូតជាន់ខ្ពស់អាមេរិក ប្រចាំតំបន់អាស៊ីបានថ្លែងថា ភាពតានតឹងបានកើនឡើងជាប្រវត្តិសាស្ត្រ នៅពេលណាដែលកោះតៃវ៉ាន់ ឈានទៅដល់ដំណើរការបោះឆ្នោត ។ លោកបានថ្លែងអំពីភាពតានតឹងនេះថា “ពួកគេមិនគួរធ្វើនោះទេ ។ ការព្រួយបារម្ភតែងតែកើតមាន ចំពោះការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងនៅទីនោះ” ។

លោក Stilwell បានថ្លែងថា សហរដ្ឋអាមេរិក តាមរយៈគោលនយោបាយរបស់ខ្លួន ក្នុងការផ្តល់អាវុធដល់កោះ ដែលគ្រប់គ្រងដោយខ្លួនឯង ខណៈដែលទទួលស្គាល់តែទីក្រុងប៉េកាំង បានស្វែងរកភាពខុសគ្នារវាងភាគីទាំងពីរ ដើម្បីត្រូវបានដោះស្រាយ តាមរយៈការសន្ទនា និងដោយគ្មានអំពើហិង្សា ឬការបង្ខិតបង្ខំ ឬការគំរាមកំហែង។

ចំណែលលោកស្រី Tsai បានសង្កត់ធ្ងន់ទៅលើអត្តសញ្ញាណ ដាច់ដោយឡែករបស់កោះតៃវ៉ាន់ និងបានបង្ហាញពីសាមគ្គីភាព ជាមួយចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ របស់ក្រុងហុងកុងនៅថ្ងៃទី ១១ ខែមករាប្រឈមមុខនឹងគូប្រជែង ដែលពេញចិត្តចំពោះទំនាក់ទំនង កាន់តែកក់ក្តៅជាមួយទីក្រុងប៉េកាំង៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×