បរទេស៖ ក្រុមអ្នកនេសាទមកពីខេត្ត នៅជាប់ឆ្នេរសមុទ្រចំនួន ២២ កាលពីថ្ងៃព្រហស្បតិ៍បានប្តេជ្ញាថា នឹងប្រមូលផ្តុំគ្នា នៅទីក្រុងបាងកក ដើម្បីដាក់សម្ពាធ ទៅលើរដ្ឋាភិបាល ឱ្យបន្ធូរបន្ថយច្បាប់ និងបទបញ្ញត្តិ ដែលពួកគេនិយាយថា កំពុងគំរាមកំហែង ដល់ជីវភាពរស់នៅរបស់ពួកគេ។
យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Mongkon Sukcharoenkhana ប្រធានសមាគមជលផលជាតិថៃ (NFAT) បាននិយាយថា“ យើងបានជូនដំណឹងដល់ស្ថានីយ៍ប៉ូលីស ណានលៀងរួចហើយ តាមតម្រូវការផ្នែកច្បាប់ ស្តីពីការប្រមូលផ្តុំជាសាធារណៈ ហើយមនុស្សជាង ១ ម៉ឺននាក់មកពី ២២ ខេត្តនឹងមកចូលរួមការប្រមូលផ្តុំនេះ”។
លោកបាននិយាយថា ក្រុមអ្នកតវ៉ានឹងប្រមូលផ្តុំគ្នា នៅខាងក្រៅក្រសួងកសិកម្ម និងសហករណ៍ រហូតដល់ថ្ងៃទី ១៥ ខែមករា ឬរហូតដល់ការទាមទារ របស់ពួកគេត្រូវបានបំពេញ តាមការសន្យាយ៉ាងមុតមាំ នៃការដោះស្រាយ ចំពោះភាគីដែលរងផលប៉ះពាល់។
ប្រធានសមាគមរូបនេះ បន្ថែមថា“ ប្រសិនបើរដ្ឋាភិបាលបដិសេធមិនឆ្លើយតប នឹងតម្រូវការរបស់យើង រដ្ឋាភិបាលគួរតែទិញ ឧបករណ៍នេសាទ និងទូកនេសាទ របស់យើងទាំងអស់ ព្រោះយើងមិនអាចចេញ ទៅធ្វើការបានទៀតទេ” ដោយសារតែបទ បញ្ញត្តិដ៏តឹងរ៉ឹងនេះ” ។
ចំណែកលោក Alongkorn Ponlaboot ទីប្រឹក្សារដ្ឋមន្រ្តីក្រសួង កសិកម្មនិងសហករណ៍ កាលពីថ្ងៃពុធបានស្នើសុំឱ្យ ក្រុមនេសាទបញ្ឈប់ការតវ៉ា ដែលបានគ្រោងទុក របស់ពួកគេនៅក្នុងរដ្ឋធានី។
លោក Alongkorn បានទទូចថា ក្រសួងបានអនុវត្តតាមការទាមទារ ចំនួនប្រាំបី របស់អ្នកនេសាទ ក្នុងចំណោមការទាមទារចំនួន ១១ ចំណុច ដោយនិយាយថា ចំណុចនៅសល់ត្រូវ បានបញ្ជូនទៅទីភ្នាក់ងារផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា