បរទេស៖ គណៈកម្មាធិការ ព្រឹទ្ធសភាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានគាំទ្រច្បាប់ដាក់ទណ្ឌកម្ម លើប្រទេសតួកគី បន្ទាប់ពីប្រទេសនេះធ្វើប្រតិបត្តិការវាយលុក ក្នុងប្រទេសស៊ីរី និងទិញយកប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ហើយនេះគឺជាទង្វើដ៏ថ្មីបំផុតមួយ នៅក្នុងសភាអាមេរិក ដើម្បីជំរុញលោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យបង្កើនគោលជំហរកាន់តែខ្លាំង ប្រឆាំងនឹងទីក្រុងអង់ការ៉ា។
សមាជិកព្រឹទ្ធសភា លោក Jim Risch មកពីគណបក្សសាធារណរដ្ឋ ជាអ្នកគាំទ្រនាំមុខចំពោះច្បាប់នេះ ជាមួយសមាជិកព្រឹទ្ធសភា លោក Bob Menendez មកពីគណបក្សលទ្ធិប្រជាធិបតេយ្យ បាននិយាយថា “បច្ចុប្បន្ននេះ ជាពេលដែលព្រឹទ្ធសភាត្រូវរួបរួមគ្នា និងចាប់យកឱកាសនេះ ដើម្បីផ្លាស់ប្តូរឥរិយាបថ របស់ប្រទេសតួកគី”។
ក្រៅពីនោះ សមាជិកព្រឹទ្ធសភាអាមេរិក ក៏បានរិះគន់ចំពោះការសម្រេចចិត្ត របស់លោក ត្រាំ ដែលដកកងទ័ពអាមេរិក ចេញពីប្រទេសស៊ីរីភាគខាងជើង ដែលជាការបើកផ្លូវ ឲ្យមានប្រតិបត្តិការវាយលុកតួកគី នៅក្នុងតំបន់នោះ ទៅលើកងជីវពលឃឺដ ដែលបានរួមគ្នាជាមួយអាមេរិក ប្រយុទ្ធនឹងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមជ្រុលនិយម៕ ប្រែសម្រួល៖ប៉ាង កុង