ព័ត៌មានអន្តរជាតិ

ពេលនិយាយទូរស័ព្ទ, លោក ស៊ី ជីនពីង ប្រាប់លោក ត្រាំថា អន្តរាគមន៍របស់អាមេរិក ធ្វើឱ្យខូចផលប្រយោជន៍ចិន

បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា អំឡុងពេលនិយាយទូរស័ព្ទ លោកមាន “ ការពិភាក្សាដ៏ល្អ” ជាមួយលោកស៊ី ជិនពីងដែលក្នុងនោះអ្នកទាំងពីរ បានពិភាក្សា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី, កូរ៉េខាងជើង និងហុងកុង។ យ៉ាងណាក៏ដោយ ក្នុងអំឡុងពេល នៃការហៅទូរស័ព្ទនោះ លោកស៊ី ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក និងការកត់សម្គាល់ របស់សហរដ្ឋអាមេរិក លើតំបន់មួយចំនួន និងវប្បធម៌ផ្សេងៗគ្នា គឺជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើឱ្យអន្តរាយដល់ផលប្រយោជន៍ចិន ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទនោះ លោកស៊ី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក ទាក់ទងនឹងកោះតៃវ៉ាន់ ហុងកុង តំបន់ស៊ីនជាំង និងទីបេ ដោយនិយាយថា ការកត់សម្គាល់របស់សហរដ្ឋអាមេរិក លើតំបន់ទាំងនោះ និងវប្បធម៌ផ្សេងៗគ្នា គឺជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើឱ្យអន្តរាយដល់ផលប្រយោជន៍ចិន និង មិនស្របនឹងការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការទ្វេភាគីទេ” ។

លោកបានបង្ហាញជំនឿថា សហរដ្ឋអាមេរិក នឹងគិតពិចារណាអំពីកង្វល់របស់លោក ហើយសហរដ្ឋអាមេរិក នឹងយកចិត្តទុកដាក់ខ្លាំង ចំពោះកង្វល់របស់ប្រទេសចិន និងរារាំងទំនាក់ទំនងទ្វេភាគី និងរបៀបវារៈសំខាន់ៗពីការរំខាននេះ។

កាលពីព្រឹកថ្ងៃសុក្រ លោកស៊ី ជិនពីង បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងមិនអត់ធ្មត់ ចំពោះការជ្រៀតជ្រែកពីបរទេស នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ម៉ាកាវ និងហុងកុងឡើយ ហើយបានប្តេជ្ញាការពារអធិបតេយ្យភាព និងសន្តិសុខរបស់ចិន។

លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើច្បាប់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់ហុងកុង ដែលអនុញ្ញាត ឱ្យមានការដាក់ទណ្ឌកម្ម លើអ្នករំលោភសិទ្ធិមនុស្ស នៅក្នុងតំបន់រដ្ឋបាលពិសេស ហើយអាចបណ្តាល ឱ្យសហរដ្ឋអាមេរិក ដកហូតស្ថានភាពពាណិជ្ជកម្ម ពិសេសរបស់ហុងកុង។

ជាការឆ្លើយតប រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្តេជ្ញាដាក់ទណ្ឌកម្ម ទៅលើក្រុមសិទ្ធិមនុស្ស រួមមានវិទ្យាស្ថានជាតិ សម្រាប់លទ្ធិប្រជាធិបតេយ្យ វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យកិច្ចការអន្តរជាតិ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្សសេរីភាព។

លើសពីនេះទៀត រដ្ឋាភិបាលរបស់លោកស៊ី បានប្តេជ្ញាផ្អាក រាល់ការធ្វើទស្សនកិច្ចតាមជើងទឹក និងយន្តហោះរបស់កងទ័ពជើងទឹកអាមេរិក ទៅកាន់ហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី ដ៏សំខាន់មួយផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top
×