ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្ដសំខាន់ទាំងពីរ របស់អាមេរិក ព្រមព្រៀងពន្លឿន កិច្ចចរចាពាណិជ្ជកម្មសេរីជាមួយចិន

សេអ៊ូល៖ មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ មកពីកូរ៉េខាងត្បូង ចិន និងជប៉ុន បានព្រមព្រៀងគ្នា កាលពីថ្ងៃអាទិត្យ ដើម្បីពន្លឿន កិច្ចចរចាពាណិជ្ជកម្មសេរីត្រីភាគីរបស់ខ្លួន និងបង្កើនកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មអាស៊ី – ប៉ាស៊ីហ្វិក ដ៏ធំមួយ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់ប្រទេសកូរ៉េខាងត្បូង លោក Sung Yun-mo បានជួបជាមួយរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មចិនលោក Zhong Shan និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មជប៉ុន លោក Hiroshi Kajiyama ដើម្បីពិភាក្សានៅទីក្រុងប៉េកាំង ស្តីពីវិធីពន្លឿន ការចរចាពាណិជ្ជកម្មសេរីក្នុងតំបន់។

កិច្ចព្រមព្រៀងរបស់ភាគីទាំង៣ បានកើតឡើងនៅពេល ដែលប្រទេសចិន កំពុងជាប់គាំង នៅក្នុងជួរពាណិជ្ជកម្ម ដែលមានរយៈពេលមួយឆ្នាំ ជាមួយសហរដ្ឋអាមេរិក។

កិច្ចប្រជុំនៅថ្ងៃអាទិត្យនេះ ក៏កត់សំគាល់ការជួបប្រជុំលើកដំបូង របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃប្រទេសជិតខាងទាំង៣ ចាប់តាំងពីទីក្រុងតូក្យូ បានអនុវត្តការរឹតបន្តឹង ដែលមិនធ្លាប់មានពីមុនមក លើការនាំចេញវត្ថុធាតុដើមឧស្សាហកម្ម ទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីខែកក្កដា៕ ដោយ៖ ឈូក បូរ៉ា

To Top