ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង អំពាវនាវឱ្យក្រុមកូដករ កុំបង្កការបំផ្លិចបំផ្លាញ នៅក្នុងបុណ្យណូអែល

បរទេស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យសហជីពដឹកជញ្ជូន បញ្ឈប់ការធ្វើកូដកម្ម ដែលគំរាមកំហែងភាពវឹកវរ ក្នុងការធ្វើដំណើរ នៅថ្ងៃឈប់សម្រាក បុណ្យណូអែល ឬ ថ្ងៃបុណ្យ Christmas។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្នុងធ្វើដំណើរទៅកាន់ ប្រទេសកូតឌីវ័រ លោក ម៉ាក្រុង បានស្នើឱ្យក្រុមអ្នកធ្វើកូដកម្ម គួរតែ « សង្កេតមើលការផ្អាកមួយ ដែលគោរពដល់គ្រួសារ និងជីវិតគ្រួសារ»។

ថ្លែងនៅក្នុងទីក្រុង Abdijan នៅចំពោះមុខប្រធានាធិបតីកូតឌីវ័រ លោក Alassane Ouattara លោក ម៉ាក្រុង បាននិយាយថា ពួកកូដករ គួរតែប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ។

កូដកម្មរយៈពេលពីរសប្តាហ៍ លើកំណែទម្រង់ប្រាក់សោធន ដែលបានគ្រោងទុក បានធ្វើឱ្យមានការរំខានយ៉ាងខ្លាំង នៅទូទាំងប្រទេសបារាំង។

ប្រតិបត្តិកររថភ្លើង SNCF បាននិយាយថា សេវាកម្មនឹងត្រូវបាន “រំខាន” នៅថ្ងៃបុណ្យណូអែល។

ក្រុមហ៊ុនបាននិយាយថា ចំនួនពាក់កណ្តាលនៃរថភ្លើងល្បឿនលឿន TGV ដែលដំណើរការកាលពីថ្ងៃសៅរ៍ និងខ្សែរថភ្លើងក្រោមដី នៅទីក្រុងប៉ារីសត្រូវបានបិទ។

ពលរដ្ឋបារាំងជាច្រើននាក់ បាននាំគ្នាធ្វើដំណើរ នៅឈប់សម្រាកលំហែកាយ ជាមួយក្រុមគ្រួសារនិងមិត្តភក្តិ របស់ពួកគេបានរកឃើញថា ពួកគេបានជាប់គាំង ដោយសារតែរថភ្លើង ដែលត្រូវបានលុបចោល និងផ្លូវត្រូវស្ទះចរាចរណ៍ ចំណែកជើងហោះហើររាប់រយ ក៏ត្រូវបានលុបចោលផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top