អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ថា សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំក្រៅផ្លូវការមួយ នៅថ្ងៃចន្ទនេះ ដែលនេះជាកិច្ចប្រជុំចរចាគ្នា ជាលើកទី២ហើយ ទៅលើសំណើ របស់ប្រទេសរុស្ស៊ី និងចិន ដែលស្នើឲ្យដកចេញ នូវការដាក់ទណ្ឌកម្មនានា ទៅលើប្រទេសកូរ៉េខាងជើង ។
ហើយការស្នើដកនេះដែរ ក្រុមប្រតិភូមួយចំនួន បានលើកឡើង ដោយមានការគាំទ្រខ្លះៗដែរ ។
ការស្នើឡើងដោយប្រទេសចិន និងរុស្ស៊ី សម្រាប់ការចរចានានា ក្នុងរយៈពេល១ថ្ងៃ នៅមុនពេល ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដល់ពេលកំណត់ សម្រាប់សហរដ្ឋអាមេរិក ដើម្បីបង្ហាញនូវភាព អាចបត់បែនបានក្នុងការចរចាគ្នា ដែលមានបំណង ឲ្យក្រុងព្យុងយ៉ាង ទម្លាក់ចោល នូវកម្មវិធីនុយក្លេអ៊ែរ ។
កូរ៉េខាងជើង បានព្រមាន ដល់សហរដ្ឋអាមេរិក អាចទទួលបាននូវអ្វី ដែលខ្លួនមិនចង់បាន “អំណោយសម្រាប់បុណ្យ Christmas” បើសិនជាការ ចរចាត្រូវបរាជ័យ ។
មន្ត្រីជាន់ខ្ពស់មួយរូបមកពីសេតវិមាន បានថ្លែងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងខកចិត្តយ៉ាងខ្លាំង បើសិនកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីល រយៈចម្ងាយឆ្ងាយ ឬមីស៊ីលនុយក្លេអ៊ែរ មែននោះ ហើយនឹងចាត់វិធានការណ៍ ដ៏សមរម្យមួយ ក្នុងនាមជាអ្នកដឹកនាំ ខាងវិស័យយោធា និងមហាអំណាចសេដ្ឋកិច្ច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
